ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ៖ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានចែករំលែកបទពិសោធន៍ដ៏ពិសេសមួយជាមួយនឹងអតិថិជន និងអ្នកសារព័ត៌មាន។ ក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំមុននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ចេញរថយន្តស៊េរីថ្មី Hilux Revo ឆ្នាំ២០២១ មកកាន់ទីផ្សារកម្ពុជាជាលើកដំបូង។ នៅថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានអញ្ជើញអតិថិជនដែលចូលចិត្តម៉ូឌែលថ្មីបំផុតមកទទួលភាពសប្បាយរីករាយនៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។
ការបើកបរសាកល្បង Hilux Revo ឆ្នាំ ២០២១ បានចាប់ផ្តើមនៅម៉ោង ៦:៣០នាទីព្រឹក ដោយអតិថិជនបានជួបជុំគ្នានៅទីស្នាក់ការកណ្តាល(ទឹកថ្លា) នៃក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងបានធ្វើដំណើរដោយឥតគិតថ្លៃ រយៈពេល ២ ម៉ោងទៅកាន់ទីលានប្រណាំងយ៉ាម៉ាម៉ូតុ ខេត្ដកំពង់ស្ពឺ។
នៅម៉ោង ៩:00នាទីព្រឹក កម្មវិធីបើកបរសាកល្បងបានចាប់ផ្តើមជាមួយសុន្ទរកថាពីលោក កែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងមានការបង្ហាញពីការបើកបរសាកល្បងដំបូងគេពីលោក Yamamoto។ ដោយអតិថិជនតូយ៉ូតា បានបង្ហាញភាពសប្បាយរីករាយរំភើបចិត្តនៅពេលដែលលោក Yamamoto បង្ហាញជូននូវការបើកបរសាកល្បងរថយន្ត Hilux Revo ស៊េរីថ្មី ឆ្នាំ២០២១នេះ។
កម្មវិធីបន្ទាប់ អតិថិជនដែលបានមកចូលរួមកម្មវិធីនេះ បានសាកល្បងបើកបររថយន្ត Hilux Revo ស៊េរីថ្មីឆ្នាំ២០២១ នេះផងដែរ។ មុនពេលធ្វើការបើកបរសាកល្បង អតិថិជនបានទទួលការណែនាំពីគ្រូបង្វឹកបើកបររបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អំពី ស្ថានភាពផ្លូវ ល្បឿនកំណត់លើការបើកបរ ឧបសគ្គផ្សេងៗ ប្រតិបត្តិការរបស់រថយន្ត និងការគ្រប់គ្រងរថយន្តផងដែរ។ គ្រប់លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្តតូយ៉ូតាទាំងអស់ ត្រូវបានបង្ហាញជូនអតិថិជនដើម្បីធ្វើការសាកល្បងផ្ទាល់នៅក្នុងកម្មវិធីរថយន្ត Hilux Revo ឆ្នាំ២០២១នេះ។
កម្មវិធីបើកបរសាកល្បងនេះបានចូលរួមពីភ្ញៀវកិត្តិយសជាង ៥០នាក់មកពីទីក្រុងភ្នំពេញ ដែលអតិថិជនម្នាក់ៗបានបើកបរសាកល្បងប្រហាក់ប្រហែលជា ៣០ នាទីរាប់បញ្ចូលទាំងការរបើកបរសាកល្បងផ្ទាល់ និងបទបង្ហាញអំពីលក្ខខណ្ខនៃការបើកបរ។ នៅលើផ្លូវទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ មានជាង ១៥ខ្សែកោង ដែលមានខ្សែកោងរាងអក្សរ Sធំ នៅលើផ្លូវធំទីមួយ និងខ្សែកោងពាក់កណ្តាលរាងអក្សរC ដែលអតិថិជន និងគ្រូបង្វឹករថយន្តតូយ៉ូតា បើកសាកល្បងប្រព័ន្ធមេកានិច ទៅលើសមត្ថភាពរបស់ Hilux Revo ឆ្នាំ២០២១ ដែលដំណើរការ ពីល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការបើកបរសាកល្បងលើផ្លូវទាំងពីរបានផ្តល់បទពិសោធន៍ថ្មី ជាមួយការបើកបរសាកល្បងក្នុងល្បឿនលឿនលើកំណាត់ផ្លូវបត់បែន ដែលបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ Totoya New Global Architecture និងប្រព័ន្ធការពារសុវត្តិភាពឈានមុខ Toyota Safety Sence(TSS) ដែលផ្តល់នូវសំឡេង និងសញ្ញាគ្រោះថ្នាក់, សមត្ថភាពរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ, ប្រពន័្ធហ្វ្រាំងសុវត្ថិភាពជំនួយស្ថេរភាពយានយន្តលើផ្លូវមានឧបសគ្គខ្ពស់ និងផ្លូវចំណោតឡើងចុះខ្លាំង។
ជាចុងក្រោយ ការផ្តល់ឱកាសដ៏មានតម្លៃរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ក្នុងការចូលរួមក្នុងកម្មវិធីបើកបរសាកល្បង រថយន្ត Hilux Revo ២០២១ថ្មី និងបង្ហាញភាពកក់ក្តៅដល់អ្នកសារព័ត៌មាន ក៏ដូចជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះ លោកឧកញ៉ា ក៏បានផ្តល់នូវការសាទរ ដោយគាត់បានធ្វើការបើកបរសាកល្បងរថយន្ត Toyota Hilux Revo ឆ្នាំ២០២១ នៅលើផ្លូវប្រណាំងក្នុងល្បឿនលឿនមានកំណត់នេះផងដែរ។
កម្មវិធីត្រូវបានបញ្ចប់ជាស្ថាពរបន្ទាប់ពីអ្នកចូលរួមបានទទួលទានអាហារថ្ងៃត្រង់ និងត្រូវបានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) សូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមធ្វើការសាកល្បងបើកបរ រថយន្ត Hilux Revo ២០២១ថ្មី ដោយកម្មវិធីនេះមិនត្រឹមតែបានបង្ហាញនូវលក្ខណៈពិសេសថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានផ្តល់នូវពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមជាមួយអតិថិជនរបស់ពួកគេ ដើម្បីទទួលបានភាពសប្បាយរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃបើកបរសាកល្បង។