កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុន BMW អាចដណ្ដើមតំណែងជារថយន្តប្រណីតលក់ដាច់បានច្រើនជាងគេពី Mercedes ប៉ុន្តែឆ្នាំ ២០២០ មានការប្រែប្រួលខុសពីមុន។
Automative News បានឲ្យដឹងថាគេប្រមូលបានតួលេខនៃចំនួនលក់ពីក្រុមហ៊ុនរថយន្តប្រណីតធំៗទាំងអស់នៅអាមេរិក លើកលែងតែ Jaguar Lander មួយ។ តួលេខនៃចំនួនលក់រយៈពេល ៦ខែដំបូងនាឆ្នាំ ២០២០ បានបង្ហាញថា Mecedes អាចលក់រថយន្តបានច្រើនជាង BMW ជិត ១៦ ៨០០គ្រឿងឯណោះ។
ក្នុងត្រីមាសដំបូង Mercedes អាចលក់រថយន្តបាន ៦៧ ៧៤៦គ្រឿង ធៀបនឹង BMW លក់បាន ៥៩ ៤៥៥គ្រឿង។ ចំណែកចូលដល់ត្រីមាសទីពីរ Mercedes លក់រថយន្តបាន ៥៩ ៤៦១គ្រឿង ធៀបនឹង BMW ជាគូប្រជែងដែលលក់បាន ៥០ ៩៥៧គ្រឿង។
ជោគជ័យរបស់ Mercedes គឺបានមកពីពពួករថយន្ត SUV ដោយជាក់ស្ដែងនៅត្រីមាសទីពីរ រថយន្ត GLE-Class ជារថយន្តលក់ដាច់បានច្រើនជាងគេរបស់ម៉ាកយីហោអាល្លឺម៉ង់នេះ ដែលលក់បានសរុប ៩៥០០គ្រឿង។ បន្ទាប់មកគឺ Mercedes GLC ដែលលក់បាន ៩៤៦១គ្រឿង។
ប្រសិនបើទំនោរបែបនេះបន្តកើតមានឡើងពីរត្រីមាសទៀត នោះ Mercedes នឹងអាចក្លាយជាក្រុមហ៊ុនរថយន្តប្រណីតដែលអាចលក់រថយន្តបានច្រើនជាងគេប្រចាំឆ្នាំ ២០២០ លើទីផ្សារអាមេរិក៕