បច្ចុប្បន្ននេះ ប្រព័ន្ធកំណត់ល្បឿន Cruise Control បានចាប់ផ្តើមដំឡើងជាឧបករណ៍ស្តង់ដារនៅក្នុងរថយន្តស៊េរីថ្មី ដែលជួយផ្តល់នៅផាសុកភាពយ៉ាងខ្លាំងនៅពេលបើកបរផ្លូវឆ្ងាយ។ សម្រាប់មុខងារកំណត់ល្បឿនមានចំនួន ២ រួមមាន Cruise Control គឺជាមុខងារដែលអនុញ្ញាតឲ្យរថយន្តធ្វើដំណើរទៅមុខក្នុងល្បឿនដែលបានកំណត់ទុកជាមុនដោយស្វ័យប្រវត្តិ និងប្រព័ន្ធ Adaptive Cruise Control គឺតែងតែមានបំពាក់ទៅលើរថយន្តទំនើបៗ ដែលមានមុខងារកំណត់ល្បឿន បន្ថែម-បន្ថយតាមរថយន្តខាងមុខ ។
ប៉ុន្តែមនុស្សជាច្រើននៅតែមានការងឿងឆ្ងល់អំពីការបើកប្រព័ន្ធនេះពេលបើកបរ តើវានឹងធ្វើឲ្យម៉ាស៊ីនស៊ីប្រេងតិច ឬច្រើនជាងការបង្កើនល្បឿនដោយខ្លួនឯង?
ការប្រើប្រាស់ប្រព័ន្ធកំណត់ Cruise Control ធម្មតា មិនមែនជាប្រព័ន្ធកំណត់ល្បឿន Adaptive Cruise Control ដែលលៃតម្រូវល្បឿនដោយស្វ័យប្រវត្តិទៅតាមរថយន្តខាងមុខ នោះនឹងអាចជួយកាត់បន្ថយភាពស៊ីប្រេងជាមួយនឹងហេតុផលសំខាន់ៗដូចជា ប្រសិនបើបើកបរលើផ្លូវជាមួយស្ថានភាពរលូត មិនមានរថយន្តផ្សេងកាត់ពីមុខយើងទេ នោះការបើកប្រព័ន្ធ Cruise Control នឹងជួយសន្សំសំចៃប្រេងកាន់តែច្រើន ព្រោះចំណុចសំខាន់គឺសន្សំសំចៃពេលបើកបរផ្លូវឆ្ងាយ គឺការត្រូវរក្សាល្បឿនថេរ កុំបង្កើន ឬបន្ថយល្បឿនដោយមិនចាំបាច់ ដោយប្រព័ន្ធ Cruise Control អាចបំពេញមុខងារនេះយ៉ាងមានប្រសិទ្ធភាព ។
ជាមួយគ្នានេះ ក៏មានករណីដែលការប្រើប្រាស់នៅប្រព័ន្ធ Cruise Control ស៊ីប្រេងច្រើនផងដែរ ប្រសិនបើបើកបរលើផ្លូវដែលមានចំណោតឡើង-ចុះ ឬផ្លូវដែលមានខ្យល់ខ្លាំងដែលធ្វើឲ្យម៉ាស៊ីនរថយន្តប្រឹងខ្លាំងជាងមុន ក្នុងករណីបែបនេះ ការប្រើប្រព័ន្ធ Cruise Control នឹងធ្វើឲ្យរថយន្តស៊ីប្រេងច្រើនជាង ដោយសារតែប្រព័ន្ធនេះ នឹងរក្សាល្បឿនដដែលដូចដែលបានកំណត់រួចហើយ៕