តើប្រព័ន្ធភ្លើងរបស់រថយន្ត ដំណើរការពាក់ព័ន្ធគ្នាបែបណាខ្លះ?

ប្រព័ន្ធអគ្គិសនីរបស់រថយន្ត ឬយើងហៅថា ប្រព័ន្ធភ្លើង គឺជាបណ្តាញនៃគ្រឿងបង្គុំដែលបង្កើត ផ្ទុក និងចែកចាយថាមពលអគ្គិសនី ទៅជាថាមពលដើម្បីប្រតិបត្តិការរថយន្ត។ គ្រឿងបង្គុំ និងតួនាទីរបស់​ប្រព័ន្ធភ្លើង​រួមមានដូចខាងក្រោម៖

១. អាគុយៈ វាជាកន្លែងផ្ទុកថាមពល ដែលទូទៅ វាជាអាគុយ ១២វ៉ុល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ដុំដេរៈ វាទាញយកថាមពលពីអាគុយ ដើម្បីដំណើរការម៉ាស៊ីន។

៣. ឌីណាម៉ូៈ នៅពេលម៉ាស៊ីនដំណើរការ ឌីណាម៉ូ ជាអ្នកបម្លែងថាមពលមេកានិចដែលចេញពីម៉ាស៊ីន ទៅជាថាមពលអគ្គិសនី ដោយផ្តល់ភ្លើងដល់រថយន្តទាំងមូល និងសាកអាគុយវិញផងដែរ។

៤.ហ្វ៊ុយស៊ីប និងរ៉ឺឡេៈ វាជាឧបករណ៍​សុវត្ថិភាពដាក់ក្នុងប្រអប់មួយ ដើម្បីជួយបញ្ចៀសនូវករណីណាមួយមានថាមពលអគ្គិសនីបុកខ្លាំងជ្រុល ដែលអាចប៉ះពាល់ទៅដល់ផ្នែកផ្សេងៗ។

៥. ប្រព័ន្ធ ECU: វាជាខួរក្បាលរថយន្ត ដែលគ្រប់គ្រងប្រព័ន្ធផ្សេងៗរបស់រថយន្ត ដូចជា ការដំណើរការម៉ាស៊ីន, ប្រព័ន្ធហ្រ្វាំង ABS, ប្រព័ន្ធពោងសុវត្ថិភាព. ប្រព័ន្ធម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធកម្សាន្តជាដើម។

៦. ខ្សែភ្លើង និង Connector: វាជាអ្នកភ្ជាប់ និងផ្ទេរថាមពលដល់គ្រឿងបង្គុំរថយន្ត។

៧. ប្រព័ន្ធបញ្ឆេះ: ប្រព័ន្ធនេះរួមមាន ម៉ូប៊ីន និងប៊ូស៊ី។ ក្នុងនោះម៉ូប៊ីន ជាអ្នកបម្លែងថាមពលអាគុយដែលមានត្រឹម ១២វ៉ុល ទៅដល់ចន្លោះពី ២ម៉ឺន ដល់ ១០ម៉ឺនវ៉ុល ដើម្បីផ្តល់ឲ្យប៊ូស៊ី អាចបាញ់ផ្កាភ្លើងដុតល្បាយខ្យល់ និងល្បាយសាំង នៅក្នុងបន្ទប់ចំហេះនៃម៉ាស៊ីនរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម