
ពិតណាស់ បើនិយាយពីរថយន្ត F1 វាគឺជារថយន្តមួយដែលត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់តែការប្រកួតនៅលើទីលានប្រណាំងប៉ុណ្ណោះ ដោយគ្រឿងម៉ាស៊ីន និងតួរថយន្តទាំងមូល មិនត្រូវបានគេបង្កើតឡើងសម្រាប់ការបើកបរនៅលើផ្លូវសាធារណៈដូចរថយន្តទូទៅនោះឡើយ។ អញ្ចឹង តើរហូតដល់ពេលបច្ចុប្បន្ននេះ មានរថយន្ត F1 ដែលអាចបើកបរនៅលើដងផ្លូវបានដោយស្របច្បាប់ទេ?

សម្រាប់ចម្លើយគឺមាន ព្រោះថាកន្លងមក គឺមានក្រុមហ៊ុនមួយ ធ្លាប់បានធ្វើវាសម្រេចរួចទៅហើយ នោះគឺក្រុមហ៊ុនផលិតឡានប្រណាំង Lola Cars នៃចក្រភពអង់គ្លេស។ ដោយកាលពីឆ្នាំ១៩៩៦ ក្រុមវិស្វកររបស់ក្រុមហ៊ុនមួយនេះ បានបបួលគ្នាសាកល្បងបង្កើតនូវរថយន្ត F1 មួយគ្រឿងដែលអាចបើកបរលើផ្លូវសាធារណៈបាន។ ជាលទ្ធផល នៅឆ្នាំ២០០៩ ពួកគេក៏បានកែច្នៃរថយន្តនេះដោយជោគជ័យ និងបានចុះបញ្ជីស្របច្បាប់ជាផ្លូវការ ដោយដាក់ឈ្មោះថា Lola F1R ។

លក្ខណៈពិសេសនៃរថយន្តមួយនេះ ត្រូវបានដក់ម៉ាសុីនដើមចេញ និងបន្ថែមនូវមុខងារចាំបាច់មួយចំនួនដូចជាភ្លើងស៊ីញ៉ូ, ចង្កៀងបំភ្លឺផ្លូវ, ខ្សែក្រវាត់ការពារសុវត្ថិភាព ព្រមទាំងកែសម្រួលបាតក្រោមនៃរថយន្តឲ្យខ្ពស់ជាងមុនបន្តិច និងបំពាក់ស៊ីផ្លេជាដើម។
គួរបញ្ជាក់ថា បើទោះបីជារថយន្តនេះអាចបើកបរបានដោយស្របច្បាប់ និងមើលទៅមានភាពទាក់ទាញខ្លាំងនៅពេលកំពុងបើកបរនៅលើដងផ្លូវក៏ដោយ ក៏ប៉ុន្តែវាក៏នៅតែមាននូវគុណវិបត្តិជាច្រើនចំណុចផងដែរ រួមមាន៖
- គ្មានប្រព័ន្ធប្រាប់ផ្លូវឡើយ៖ ដូចនេះអ្នកបើកបរត្រូវឌុបមនុស្សម្នាក់ទៀតដើម្បីចាំមើលទូរស័ព្ទ និងស្រែកប្រាប់ផ្លូវ។
- កាប៊ីនខាងក្នុងមានសភាពតូចចង្អៀតខ្លាំង៖ ធ្វើឲ្យអ្នកបើកបរពិបាកចូល និងស្ទើរតែរកកន្លែងដាក់ខ្លួនមិនចង់បាន។
- គ្មានលេខថយក្រោយ៖ នេះជាឧបសគ្គដ៏ធំបំផុត! ប្រសិនបើបើកបរចំផ្លូវទាល់ ឬត្រូវចូលចត គឺមានតែចុះពីរថយន្តរួចរុញថយក្រោយប៉ុណ្ណោះ។
- ពិបាកបត់ មិនថាការបត់តាមផ្លូវកោងតូចៗ ឬតាមវង្វង់មូលនោះឡើយ។
- និងចុងក្រោយគឺក្តៅខ្លាំង។

សរុបមក ទោះបីជាវាជារថយន្តដ៏អស្ចារ្យក៏ដោយ ក៏ប៉ុន្តែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺនៅមានកម្រិត និងបង្កជាផលវិបាកច្រើនជាងរថយន្តទូទៅ៕


















