
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរថយន្តធំៗជាច្រើន បានសម្រុកចូលទៅបើករោងចក្រ និងពង្រីកផលិតកម្មបណ្តាក់គ្នា នៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនទាំងនោះរួមមានដូចជា Toyota, Honda, Suzuki, Ford, Nissan & Renault, Genesis និង VinFast ហើយក៏មានក្រុមហ៊ុនចិន Leapmotor ក៏គ្រោងនឹងដាក់រោងចក្រនៅប្រទេសនោះផងដែរ។

មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនរថយន្តទាំងនោះ ងាកមកបើករោងចក្រនៅឥណ្ឌា គឺដោយសារពួកគេចង់កាត់បន្ថយការផលិតនៅក្នុងប្រទេសចិន ដោយសារតែការរឹតត្បិតផ្សេងៗពីសហរដ្ឋអាមេរិក លើរថយន្តដែលផលិតនៅចិន។ ហេតុផលដ៏ធំមួយទៀត គឺចំនួនលក់រថយន្តរបស់ពួកគេ ក្នុងប្រទេសចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ព្រោះតែមិនអាចប្រកួតប្រជែងជាមួយរថយន្តធូរថ្លៃរបស់ក្រុមហ៊ុនចិនបានឡើយ។
ចំណែកនៅប្រទេសឥណ្ឌាវិញ គឺរដ្ឋាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការវិនិយោគលើការផលិតរថយន្ត ជាពិសេស រថយន្តអគ្គិសនី តួយ៉ាង រថយន្ត Toyota Urban Cruiser ជាដើម។ តម្រូវការប្រើប្រាស់រថយន្តក្នុងប្រទេសឥណ្ឌា គឺខ្ពស់ខ្លាំងណាស់ ដែលធ្វើឲ្យឥណ្ឌា បានក្លាយជាទីផ្សាររថយន្តធំបំផុតទី៣ ក្នុងពិភពលោក កាលពីឆ្នាំមុន។
ចំណុចទាក់ទាញដ៏ធំមួយទៀត នោះគឺ ឥណ្ឌាសំបូរទៅដោយកម្លាំងពលកម្មដែលមានជំនាញ តែមានតម្លៃទាប ព្រមទាំងមានខ្សែចង្វាក់ផ្គត់ផ្គង់ស្រាប់ក្នុងប្រទេសទៀតផង ដែលធ្វើឲ្យការផលិតរថយន្តក៏មានថ្លៃដើមទាបផងដែរ។
អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់ជាងនេះទៀតនោះ គឺវត្តមានរបស់ Tesla ដែលបានបោះជំហានចូលក្នុងទីផ្សារឥណ្ឌា កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។ លើសពីនេះ កាលពីចុងខែវិច្ឆិកា ក្រុមហ៊ុន Tesla ក៏បានបើកដំណើរការមជ្ឈមណ្ឌលលក់ និងសេវាកម្មធំបំផុតរបស់ខ្លួនថែមទៀតនៅក្នុងប្រទេសនេះ ដែលស្ថិតនៅក្រុង Gurugram ដើម្បីជំរុញការលក់៕























