
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តក្រុងសៀងហៃឆ្នាំ ២០២៥ ក្រុមហ៊ុន Dongfeng និង Nissan បានដាក់លក់រថយន្តអគ្គិសនីសុទ្ធ N7 ធ្វើឲ្យកក្រើកទីផ្សាររថយន្ដអគ្គិសនីនៅចិន។
Nissan N7 គឺជារថយន្ដកើតចេញពីការផលិតរួមគ្នាជាមួយក្រមហ៊ុនចិន Dongfeng និងជប៉ុនក្រុមហ៊ុន Nissan ។ ចំពះរថយន្តអគ្គិសនី N7 ត្រូវបានដាក់ជាមួយតម្លៃចាប់ពី ១១៩ ៩០០ ដល់ ១៤៩ ៩០០ យ័ន ឬស្មើនិង ១៦ ៤៥០ ដល់ ២០ ៥៦០ដុល្លារ ។
ក្រោយការប្រកាសដាក់លក់ក្នុងរយៈពេល១ម៉ោង ៤០នាទី ក្រុមហ៊ុន Dongfeng Nissan បានប្រកាសលើប្រព័ន្ធអុីនធើណេត Weibo ថាមានការបញ្ជាទិញរហូតដល់ ១០ ១៣៨គ្រឿង។ ចំពោះរថយន្ដអគ្គិសនី Nissan N7 មាន៥ជម្រើសក្នុងនោះរួមមាន Dongfeng Nissan N7 510Air, Dongfeng Nissan N7 510Pro, Dongfeng Nissan N7 625pro, Dongfeng Nissan N7 510Max និង Dongfeng Nissan N7 625Max។
រថយន្ត Dongfeng-Nissan N7 មានប្រវែងតួខ្លួនសរុប ៤ ៩៣០មម ទទឹថ ១ ៨៩៥មម កម្ពស់ ១ ៤៨៧មម និងមានគម្លាតកង់មុខក្រោយប្រវែង ២៩១៥ មម។ រូបខាងក្រៅ រថយន្ត Dongfeng-Nissan N7 ទទួលបានការរចនាបែប V-Motion របស់ Nissan ដែលមានផ្នែកខាងមុខបិទជិត ចង្កៀងរាងអក្សរ V អមជាភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និង Logo NISSAN នៅចំកណ្តាលដែលមានពន្លឺ។
ចង្កៀងផ្នែកខាងក្រោយរបស់រថយន្ដ បានរចនាអូសកាត់ជាបន្ទាត់ បំពាក់ដោយអំពូល OLED ចំនួន ៨៨២គ្រាប់និងភ្ជាប់មកជាមួយអក្សរ NISSAN នៅចំកណ្ដាល ។ ចំណែករូបរាងនៅផ្នែកចំហៀងរចនាមកបែប fastback ភ្ជាប់មកជាមួយទ្វាររាបស្មើ ដែលធ្វើឲ្យមេគុណអូសទាញមានត្រឹម 0.208Cd។
រថយន្ដនេះក៏ ត្រូវបានបំពាក់មកជាមួយសមត្ថភាពជំនួយការបើកបរកម្រិតខ្ពស់គឺត្រូវបានអភិវឌ្ឍរួមគ្នាជាមួយ Moment មុខងារនេះត្រូវបានដំណើរការតាមរយៈប្រព័ន្ធកាមេរ៉ាសុទ្ធសាធ (pure vision camera solution) លើប្រព័ន្ធបើកបរស្វ័យប្រវត្តិ (autopilot) លើផ្លូវក្នុងក្រុង និងផ្លូវហាយវេ ព្រមទាំងជំនួយក្នុងការចតរថយន្តដោយស្វ័យប្រវត្តិ (memory park assist)។
ផ្នែកខាងក្នុងរបស់រថយន្ដនេះមានជម្រើសពីរពណ៌គឺ ពណ៌ប្រផេះស្រាល និងពណ៌បៃតងព្រៃរាងសដូចព្រិល។ Nissan N7 ក៏បំពាក់មកជាមួយប្រព័ន្ធ Nissan OS ដំណើរការលើបន្ទះឈីប Qualcomm Snapdragon 8295P រួមទាំងប្រព័ន្ធ DeepSeek-R1 គាំទ្រដោយមុខងារ Huawei HiCar, ICCOA Carlink និង Apple CarPlay រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ។ ដៃចង្កូតភ្ជាប់មកជាមួយ paddle shifter មានមុខងារកំណត់ជាច្រើននិងបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K។
បន្ថែមពីរថយន្ដនេះក៏បំពាក់មកជាួយកៅអីម៉ាស្សា ដំបូលកញ្ចក់ panoramic និងទូទឹកកកមានមុខងារត្រជាក់ និងកម្ដៅ អាចកំណត់សីតុណ្ហភាពពី -៦°C ដល់ ៥៥°C។ Nissan N7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៧២ សេះ។ រថយន្ដនេះបំពាក់មកជាមួយអាគុយ lithium iron phosphate ទំហំ ៥៨ kWh និង ៧៣ kWh អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនិង ៦៣៥ គីឡូម៉ែត្រ។ រថយន្ដក៏គាំទ្រការសាកថ្មល្បឿនលឿន 3C សាកតែ ១៩នាទីអាចបើកបានចម្ងាយ ៤០០ គីឡូម៉ែត្រ