Toyota នឹងពង្រីកសែស្រឡាយរថយន្តខ្នាតតូចរបស់ខ្លួន ជាមួយការបន្ថែមរថយន្តថ្មីពីរម៉ូដែល មួយនឹងជា Yaris Cross (ឈ្មោះមិនទាន់មានការបញ្ជាក់ផ្លូវការ) និងមួយទៀតគឺជា SUV ខ្នាតតូចផលិតឡើងផ្អែកតាមរថយន្ត Yaris។
រថយន្តទាំងពីរត្រូវបានគេប្រទះឃើញបើកបរសាកល្បងនៅភាគខាងជើងនៃទ្វីបអឺរ៉ុបកាលពីថ្មីនេះ។ រូបភាពជាច្រើនសន្លឹកខាងក្រោមនេះ បានបង្ហាញថាវាមានរូបរាងតូចសម្បើម ដែលរថយន្តនេះនឹងត្រូវស្ថិតនៅក្រោម Toyota C-HR។
រថយន្តនេះមានការបញ្ជាក់ថានឹងផលិតរោងចក្រ Onnaing ប្រទេសបារាំងជាមួយនឹងរថយន្ត Yaris។ នៅពេលដែលប្រកាសចេញនៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ នេះ វានឹងជាគូប្រជែងរបស់ Nissan Juke, Renault Captur, Opel/Vauxhall Mokka X, Peugeot 2008 និងរថយន្ត SUV ខ្នាតតូចផ្សេងទៀត។
ទីពីរគឺជារថយន្តដែលមានលក្ខណស្រដៀងនឹង Yaris ជំនាន់ចុងក្រោយដែរ ប៉ុន្តែវាមានកម្ពស់ពីដីខ្ពស់ជាង ហើយប្រហែលជាមានការលេងរូបរាងខុសប្លែកពី Yaris។ មានប្រភពមួយចំនួននិយាយថារថយន្តនេះមានឈ្មោះ Yaris Cross ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយនោះទេ។ អ្វីដែលគេដឹងគឺថាវាអាចនឹងមានដាក់លក់លើទីផ្សារអឺរ៉ុបនាចុងឆ្នាំនេះ ដើម្បីជំនួស Ford Fiesta Active៕