ថៃ ថា ការផលិត និងការលក់រថយន្តរបស់ពួកគេបានធ្លាក់ចុះជាង ២០ភាគរយ នៅក្នុងខែសីហា

កាលពីពេលថ្មីៗនេះ បើយោងតាមស្ថិតិពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា ការផលិត និងការលក់យានយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះជាង ២០ភាគរយ នៅក្នុងខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះលោក Surapong Phaisitpattanapong ដែលជាទីប្រឹក្សា និងជាអ្នកនាំពាក្យក្លឹបរថយន្តរបស់ FTI បាននិយាយថា ក្នុងខែសីហា គឺមានរថយន្តចំនួនតែ ១១៩ ៦៨០ គ្រឿងប៉ុណ្ណោះដែលត្រូវបានផលិត ពោលគឺធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ២០,៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះចំនួន ៤,១២ភាគរយ បើធៀបនឹងខែមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការធ្លាក់ចុះនេះ គឺដោយសារតែការថយចុះនៃយានយន្តដែលផលិតសម្រាប់ទីផ្សារក្នុងស្រុក គឺមានតែចំនួនត្រឹមតែ ៣៦ ៨៩២ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះចំនួន ៤០,៤៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ផ្ទុយទៅវិញ រថយន្តដែលត្រូវបានផលិតសម្រាប់ការនាំចេញ គឺចំនួនត្រឹមតែ ៨២ ៨៧៨ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះចំនួន ៦,៦២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះដែរ រថយន្តដែលត្រូវបានលក់ក្នុងស្រុកក្នុងខែសីហាមានចំនួនត្រឹមតែ ៤៥ ១៩០ គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរឲដឹងថា បើរាប់ចាប់​ពី​ខែ​មករា​ ដល់​ខែ​សីហា​ ចំនួន​រថយន្ត​សរុប​ដែលត្រូវបាន​ផលិត​មានចំនួន ១ ០០៥ ៧៤៩ គ្រឿង បើធៀប​នឹង​ឆ្នាំ​ចាស់ ពោលគឺធ្លាក់ចុះចំនួន ១៧,៦៩ភាគរយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម