ថៃ ថា ពេលនេះទីផ្សាររថយន្តរបស់ខ្លួនកំពុងបាក់បៀរខ្លាំង មិនទាន់អាចក្លាយជាមជ្ឃមណ្ឌលផលិតរថយន្តនៅអាសុីបានទេ

ថ្មីៗនេះ សហព័ន្ធឧស្សាហកម្មរថយន្តថៃ (FTI) បានរាយការណ៍ថា ការលក់រថយន្តក្នុងស្រុកខ្លួនបានធ្លាក់ចុះ ២០,៥ភាគរយ នៅក្នុងខែកក្កដា នៃឆ្នាំ២០២៤ នេះ បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ពួកគេបាននិយាយបន្ថែមទៀតថា ការធ្លាក់ចុះនេះបណ្តាលមកពីកម្រិតបំណុលរបស់ប្រជាជនមានកម្រិតខ្ពស់ និងមានកំណើនសេដ្ឋកិច្ចយឺត ទើបជាហេតុដែលធ្វើឲការលក់រថយន្តក្នុងស្រុកខ្លួនបានធ្លាក់ចុះជាខ្លាំងនៅក្នុងពេលនេះ។ ចំពោះចំនួននៃការលក់រថយន្តសរុបនៅក្នុងខែកក្កដា នៃឆ្នាំ២០២៤ នេះបានបានធ្លាក់ចុះ ២០,៥ភាគរយ មកនៅត្រឹម ៤៦ ៤៩៤ គ្រឿង ខណៈការផលិតរថយន្តសរុបក៏បានធ្លាក់ចុះ ១៦,៦ភាគរយ ផងដែរ មកនៅត្រឹម ១២៤ ៨២៩ គ្រឿង។

បើយោងតាមលោក Surapong Paisitpatanapong អនុប្រធាន FTI និងជាអ្នកនាំពាក្យ បានអោយដឹងថា ធនាគារជាច្រើននៅក្នុុងស្រុកថៃពេលនេះមានការរឹតបន្តឹងលក្ខណៈវិនិច្ឆ័យ និងបានអនុវត្តច្បាប់ជាច្រើនក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់ការទិញរថយន្ត ដោយសារតែការភ័យខ្លាចថាប្រាក់កម្ចីមិនដំណើរការ (NPLs) ពោលអត្រាប្រាក់កម្ចីឥតសំណង់របស់ប្រជាជនថៃពេលនេះមានតម្លៃសរុបស្មើនឹង ៧លានដុល្លារ កើនឡើង ២៩,៧ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលកាន់តែទាក់ទាញអារម្មណ៍នោះគឺ ការលក់រថយន្តភីកអាប់នៅក្នុងស្រុកថៃបានធ្លាក់ចុះ ៣៥,១ភាគរយ មកត្រឹម ១៣ ១៦៧ គ្រឿងនៅក្នុងខែកក្កដា។ លើសពីនេះទៅទៀត ការនាំចេញរថយន្តរបស់ថៃក៏បានជួបបញ្ហា ដោយការនាំចេញនៅខែកក្កដាធ្លាក់ចុះ ២២,៧ភាគរយ មកនៅត្រឹម ៨៣ ៥២៧ គ្រឿង ដោយសារជម្លោះភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ដែលបង្កជាផលប៉ះពាល់ដល់ការដឹកជញ្ជូនរថយន្តទៅកាន់ទីផ្សារទាំងនោះ។ ក្នុងនោះលោក Surapong បានបញ្ជាក់ថា FTI បានកាត់បន្ថយគោលដៅផលិតរថយន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ នេះមកនៅត្រឹមតែ ១,៧ លានគ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម