ថ្ងៃមុខកម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប បន្ទាប់ពីមានក្រុមហ៊ុន៤ ស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿននេះ

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាជំហានដំបូងក្នុងការជម្រុយអោយប្រើ​ប្រាស់នូវយានយន្តអគ្គិសនីនៅកម្ពុជា។

ទាក់ទងទៅនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ឈ្លៀតក្នុងឱកាសនេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នេះបានធ្វើការផ្តល់នូវបទសម្ភាសន៍ទៅកាន់បងប្អូនអ្នកសារព័ត៌មានថា «នាពេលនេះមានក្រុមហ៊ុន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប ប៉ុន្ដែលទ្ធផលនោះមិនទាន់ផ្ដល់ជូនទៅកាន់ក្រសួងនៅឡើយទេ ប៉ុន្តែឯកឧត្ដមទេសរដ្ឋមន្រ្ដីជឿជាក់ទៅថ្ងៃមុខ កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាបផងដែរ»។

គួររំលឹកផងដែរថា កន្លងទៅថ្មីៗនេះកម្ពុជាទើបនឹងបើកឲ្យដំណើរជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ហើយបច្ចុប្បន្នក៏បាននឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនទី២ ពីរាជធានីភ្នំពេញទៅក្រុងបាវិតផងដែរ ដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ ជាមួយគ្រោងចំណាយទឹកប្រាក់ជិត ១៧០០លានដុល្លារ ជាមួយផែនការនៃការបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម