រយៈពេល ១០២ឆ្នាំ ក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេស Bentley អាចលក់ចេញរថយន្តបាន ២០ម៉ឺនគ្រឿង ដែលក្នុងចំណោមនោះមានចំនួន ៧៥% នៃរថយន្តត្រូវបានផលិតឡើងក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយកន្លងមកនេះ។
គួរដឹងដែរថាមាន ៤០% នៃរថយន្តដែល Bentley បានផលិតគឺជារថយន្ត Continental GT ដែលរថយន្តនេះបានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ ២០០៣។ ចំណែករថយន្ត Flying Spur វិញមានកាន់កាប់ចំណែកប្រមាណ ២០% ដែលរថយន្តនេះធ្លាប់បានបង្ហាញវត្តមានជាលើកដំបូងនៅឆ្នាំ ២០០៥។
សម្រាប់រថយន្ត Bentley Bentayga ត្បិតថាទើបបង្ហាញមុខនៅឆ្នាំ ២០១៥ ប៉ុន្តែវាអាចផលិតចេញបានជាង ២៥ ០០០គ្រឿង សម្រាប់ចរាចរណ៍លក់លើទីផ្សារ ដែលមានន័យថាស្មើនឹង ១២,៥% នៃចំនួនផលិតសរុបរបស់ Bentley៕