កាលពីឆ្នាំ២០២១ Audi បានប្រកាសចេញរថយន្តថ្មី និងរថយន្តដែលបានកែសម្រួលថ្មីមួយចំនួន ហើយឆ្នាំ២០២២ខាងមុខនេះ នឹងរឹតតែអស្ចារ្យថែមទៀត ដោយរាប់ត្រួសៗគឺមានរថយន្តមិនតិចជាង ៩ម៉ូដែលទេដែលគ្រោងប្រកាសចេញនាឆ្នាំ២០២២។
ចាប់ផ្ដើមដំបូងគឺជាមួយរថយន្ត Audi A3 ជំនាន់ថ្មី ដែលបានពន្យារពេលប្រកាសចេញតាំងពីចុងឆ្នាំ២០២០មក ដោយរថយន្តនេះរំពឹងថានឹងមានមកជាមួយនូវរូបរាងថ្មី អមដោយជម្រើសម៉ាស៊ីនសាំងពីរប្រភេទ ហើយក៏នឹងមានការប្រកាសចេញរថយន្ត RS3 និង S3 នាពេលបន្ទាប់ផងដែរ។
បន្តមកទៀតគឺរថយន្ត SQ7 និង SQ8 នឹងត្រូវផ្លាស់ប្ដូរពីម៉ាស៊ីនម៉ាស៊ូតមកជាម៉ាស៊ីនសាំងវិញ នៅក្នុងអំឡុងឆមាសដំបូងនៃឆ្នាំ២០២២ មុនការបង្ហាញចេញរថយន្ត A8 ស៊េរីថ្មីដែលមានការដុសខាត់រូបរាងខាងក្រៅកាន់តែទាន់សម័យ ជាមួយនឹងរថយន្ត S8 ផងដែរ។
Audi ក៏មានគម្រោងថានឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួនពីរម៉ូដែលនាឆ្នាំក្រោយនេះ ដោយរថយន្ត E-Tron S ដែលប្រើម៉ូទ័រអគ្គិសនីបីនឹងប្រកាសចេញនាដើមឆ្នាំ២០២២ បន្ទាប់មកគឺរថយន្ត E-Tron GT គម្រោងនឹងប្រកាសចេញនាត្រីមាសទីបីឆ្នាំ២០២២៕