
បន្ទាប់ពីបានចំណាយពេលអភិវឌ្ឈន៍អស់រយៈពេលជាច្រើនឆ្នាំជាមួយក្រុមហ៊ុន Pininfarina ពេលនេះ ក្រុមហ៊ុន Vittori ដែលជាក្រុមហ៊ុនផលិតរថយន្ត Hypercar ថ្មីមួយរបស់សហរដ្ឋអាមេរិក បានប្រកាសគ្រោងនឹងបង្ហាញចេញនូវរថយន្ត Hypercar ដំបូងរបស់ខ្លួនដែលមានឈ្មោះថា Turbio ហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងទីក្រុង Miami នៅក្នុងថ្ងៃទី ៤ ក្នុងខែតុលា ខាងមុខនេះ។
បើយោងតាមរូបភាព Teaser ដែលមានបង្ហាញចេញគឺបានឲដឹងថា រថយន្ត Turbio នេះ នឹងមានប្រវែងជិត ៥ម៉ែត្រ និងទម្ងន់ខ្ទង់ ១,៧តោន ឯណ្ណោះ ហើយការរចនា និងរូបរាងវិញ ក៏មានភាពស្ព័រ និងកាច មិនចាញ់រថយន្តរបស់ Bugatti និង Lamborghini ផងដែរ។
ទាក់ទងនឹងផ្នែកម៉ាសុីនវិញ គឺដំណើរការដោយម៉ាសុីន V12 ចំណុះ ៦,៨ លីត្រ និងម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខ ដែលអាចផលិតកម្លាំងសរុបបានដល់ ១ ១១០សេះ ឯណ្ណោះ ពោលគឺអាចរត់ពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងរយៈពេលត្រឹមតែ ២,៥វិនាទី ប៉ុណ្ណោះ និងមានលឿនអតិបរមា ២២០ គ.ម/ម៉ោង។
គួរបញ្ជាក់ថា សម្រាប់ការផលិតវិញ រថយន្ត Vittori Turbio នេះ នឹងផលិតត្រឹមតែ ៥០ គ្រឿង ប៉ុណ្ណោះ ដើម្បីប្រកួត ប្រជែងជាមួយរថយន្តរបស់ Lamborghini និង Bugatti ខណៈព័ត៌មានលម្អិតផ្សេងទៀត ក៏ដូចជាតម្លៃ មិនទាន់បានបង្ហាញចេញនៅឡើយទេ៕