[បរទេស] បន្ទាប់ពីរងចាំអស់រយះពេលយូរមក ពេលនេះក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lamborghini Revuelto ប្រភេទកូនកាត់ Hybrid ដំបូងគេបង្អស់របស់ក្រុមហ៊ុនរថយន្តស្ព័ររបស់ខ្លួន ។
រថយន្តទំនើបនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៦,៥ លីត្រ V12 ចំណុះ ថ្មីទាំងស្រុង ដែលអាចផលិតកម្លាំងបាន ៨១៣ សេស និងកម្លាំងរមួល ៧២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអ្គិសនីចំនួន និងអាគុយទំហំ ៣,៨ គីឡូវ៉ាត់ម៉ោង ដែលអាចផលិតកម្លាំងសរុបបានដល់ទៅ ១ ០០១ សេស ភ្ជាប់ដោយប្រអប់លេខ Dual-clutch ៨ វគ្គថ្មី អាចបង្កើនល្បឿនដល់ ២០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលតិចជាង ៧ វិនាទី និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយរបៀបបើកបរចំនួន ១៣ របៀប ។
រថយន្ត Revuelto បានប្រើប្រាស់តួរថយន្ត monocoque ថ្មី ដែលក្រុមហ៊ុន Lamborghini និយាយថា ជារថយន្តដំបូងគេ ដែលមានរចនាសម្ព័ន្ធខាងមុខ Carbon-fiber ទាំងអស់ បានមកជាមួយពណ៌ទឹកក្រូចដ៏ទាក់ទាញ ដោយផ្នែកខាងក្រៅមានការរចនាទៅលើចង្កៀងមុខ-ក្រោយប្រភេទ LED រាងអក្សរ Y ។ Revuelto ជារថយន្តដែលជំនួសរថយន្ត Aventador និងតំណាងឱ្យភាសារចនាថ្មីរបស់ Lamborghini ដែលរួមបញ្ចូលគ្នារវាង Diablo និង Murcielago ។
ចំពោះនៅផ្នែកខាងក្នុងរបស់ Lamborghini Revuelto មានការតុបតែងជាមួយពណ៌ខ្មៅលេចធ្លោជាមួយនឹងពណ៌ទឹកក្រូច ។ លើសពីនេះ រថយន្តមានអេក្រង់បង្ហាញព័ត៌មានចំនួន ៣ ផ្នែកខាងអ្នកបើកបរមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៨,៤ អ៉ីញ និងអេក្រង់ទំហំ ៩,១ អ៉ីញនៅផ្នែកអ្នកដំណើរ ប្រអប់លេខរាងជាអក្សរ U ជាដើម ៕