
[ប្រភព៖Insideevs] បើនិយាយពីផ្សាររថយន្ដ SUV អគ្គិសនីបែប Off-Road នៅសហរដ្ឋអាមេរិកហាក់មិនទាន់មានភាពទូលំទូលាយខ្លាំងនៅឡើយទេ សម្រាប់អ្នកដែលចូលចិត្តរថយន្ដប្រភេទ SUV បែប Off-Road ប្រើថាមពលអគ្គិសនីសុទ្ធគឺត្រូវកាន់លុយចន្លោះពីខ្ទង់៨មុឺនដុល្លារ ដល់១៦មុឺនដុល្លារ ទើបអាចទិញរថយន្ដអគ្គិសនីបែប Off-Road បាន។
ឥឡូវមកដឹងពីតម្លៃរបស់រថយន្ដ SUV Off-Raod ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនៅសហរដ្ឋអាមេរិកដាក់លក់នាបច្ចុប្បន្នម្ដងក្នុងនោះថយន្ត Rivian R1S មានតម្លៃ 76,990ដុល្លារ, Mercedes-Benz G-Class ជាមួយបច្ចេកវិទ្យា EQ តម្លៃ 163,200ដុល្លារ និង Hummer EV តម្លៃ 96,600ដុល្លារ។ ប៉ុន្តែឥឡូវនេះអ្នកស្រឡាញ់រថយន្ដអគ្គិសនី SUV បែប Off-Road នៅអាមេរិកហាក់សប្បាយចិត្តវិញ បន្ទាប់ពីក្រុមហ៊ុន Jeep បានចូលខ្លួនមកដោះស្រាយសមីការមួយនេះ ដោយពួកគេដាក់បញ្ចេញរថយន្ដបែប Off-Raod ប្រើប្រាស់ថាមពលអគ្គិសនីមានចាប់ផ្ដើមប្រហែលត្រឹម 65,000ដុល្លារ ដែលមានឈ្នោះថា Jeep Recon ។
រថយន្ដនេះនឹងត្រូវបានដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក និងកាណាដានៅដើមឆ្នាំក្រោយ ហើយត្រូវបានគេរំពឹងថានឹងអាចទាក់ចិត្តអតិថិជនដែលស្រឡាញ់រថយន្ដអគ្គិសនី SUV បែប Off-Road ។ រឿងតម្លៃតែម្យ៉ាងច្បាស់ណាស់ឆក់យកបេះដូងអតិថិជន ដូច្នេះហើយ Jeep ក៏បានបង្កើនសមត្ថភាពរបស់រថយន្ដនេះឲ្យខ្លាំងផងដែរ ដោយក្នុងនោះរថយន្ដនេះបានបំពាក់មកជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានប្រហែល ៤០២ គីឡូម៉ែត្រ។
រថយន្ត Jeep Recon ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ស្តង់ដារ អាចផលិតកម្លាំងបាន ៦៥០ សេះ កម្លាំងរមួល ៨៤០ញូតុនម៉ែត្រ និងអាចជាន់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុង ១ ម៉ោង ប្រើពេលប្រហែល ៣.៦ វិនាទី។ អ្វីដែលពិសេសរថយន្ដនេះបំពាក់មកជាមួយប្រព័ន្ធចាក់សោប៉ុងខាងក្រោយ (locking rear differential) ដើម្បីធានាថាវាពិតជាស័ក្ដិសមជារថយន្ដប្រភេទ Off-Road។ សូម្បីតែរថយន្ដ Rivian R1T និង R1S ដែលមានតម្លៃថ្លៃជាងនេះ ក៏មិនមានប្រព័ន្ធចាក់សោរប៉ុងនេះដែរ។
ចំណុចដែលទាក់ទាញខ្លាំងមួយទៀតគែក្រុមហ៊ុន Jeep ក៏ផ្តល់ជូនទ្វារដែលអាចដោះចេញបាន (removable doors) នៅលើរថយន្ដ Jeep Recon ដូចទៅនឹងរថយន្ត Jeep Wrangler ដែរ។ រថយន្ត Jeep Recon គឺជារថយន្ត SUV ទំហំមធ្យម ដែលប្រើប្រាស់គ្រោងឆ្អឹង STLA Large របស់ក្រុមហ៊ុន Stellantis ដែលវាចែករំលែកជាមួយ Wagoneer S និង Dodge Charger Daytona EV។
មិននោះអស់ទេបងប្អូនរថយន្ត Recon នឹងផ្តល់ជូននូវម៉ូឌែល “Moab” ដែលបានបំពាក់មកជាមួយ សំបកកង់សម្រាប់បើកបរផ្លូវពិបាកទំហំ ៣៣ អ៊ីញ, មានគម្លាតពីបាតដីប្រវែង ២៣.១១ សង់ទីម៉ែត្រ។ ផ្នែកខាងក្នុងរថយន្ត Jeep Recon បំពាក់មកជាមួយអេក្រង់ឌីជីថលទំហំ ១២.៣ អុីញ និងអេក្រង់កម្សាន្ដទំហំ ១៤.៥ អុីញ ហើយទំនងជាប្រើប្រាស់កម្មវិធីកម្សាន្តជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Stellantis៕















