[ទីផ្សារបរទេស] ទីផ្សាររថយន្តថ្មីនៅរុស្ស៊ីអាចធ្លាក់ចុះរហូតដល់ ៥០% នៅក្នុងឆ្នាំ២០២២នេះ ក្រោយពីមានការដាក់ទណ្ឌកម្មផ្នែកសេដកិច្ចលើប្រទេសរុស្ស៊ី ដែលជាការឆ្លើយតបនឹងសកម្មភាពឈ្លានពានលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី។
ការព្យាករណ៍នេះគឺផ្អែកតាមការលើកឡើងរបស់លោក Ferdinand Dudenhöffer ប្រធានផ្នែកស្រាវយានយន្តនៃមជ្ឈមណ្ឌល Duisburg។ មជ្ឈមណ្ឌលនេះកាលពីថ្មីៗបានចេញផ្សាយការសិក្សាដែលចង្អុលបង្ហាញថាការធ្លាក់ចុះនេះគឺកើតមានក្រោយពីប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលនឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យយានយន្ត។
ការសិក្សាបានសន្និដ្ឋានថាប្រសិនបើប្រទេសចិនផ្ដល់ជំនួយដល់រុស្ស៊ី ការធ្លាក់ចុះចំនួនលក់នៃរថយន្តនៅរុស្ស៊ីអាចធ្លាក់ចុះត្រឹម ១ភាគ៣ប៉ុណ្ណោះ ប៉ុន្តែនេះក៏ជាការប៉ះពាល់ធំមួយដែរ។ ទោះយ៉ាងណាវានឹងមិនមែនជាការធ្លាក់ចុះធំដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររុស្ស៊ីនោះទេ ដោយកាលពីវិបត្តិសេដ្ឋកិច្ចសកលនាឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ និងកាលពីវិបត្តិគ្រីមៀ ក្នុងឆ្នាំ២០១៤ ក៏រុស្ស៊ីធ្លាប់ជួបប្រទះនឹងការធ្លាក់ចុះស្រដៀងគ្នានេះដែរ។
មជ្ឈមណ្ឌលដដែលបានរាយការណ៍ថាចំនួនរថយន្តថ្មីដែលបានលក់ចេញនៅរុស្ស៊ីគឺមាន ១,៦៧លានគ្រឿង ដែលស្មើនឹង ២,៣% នៃរថយន្តដែលបានលក់ចេញលើសកលលោក។ ក្រុមហ៊ុនដែលលក់ចេញបានច្រើនជាងគេគឺ Renault-Nissan និង Hyundai-Kia យ៉ាងណាក្រុមហ៊ុនទាំងពីរមិនទាន់ប្រកាសពីការផ្អាកលក់ ឬនាំចូលរថយន្តទៅទីផ្សាររុស្ស៊ីនោះទេ។
ដោយឡែក Mercedes-Benz, BMW, Honda, Toyota, Mazda, the VW Group, Ford, GM, Jaguar, Aston Martin និង Volvo គឺជាក្រុមហ៊ុនដែលបានប្រកាសថាពួកគេនឹងផ្អាកនាំចេញរថយន្តទៅរុស្ស៊ី ដែលនឹងនាំឲ្យប៉ះពាល់ដល់ការលក់នៅឆ្នាំ២០២២៕