
យោងតាមរបាយការណ៍ទីផ្សាររថយន្តនៅក្នុងប្រទេសចិន បានឲ្យដឹងថា ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ ទីផ្សាររថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសខ្លួន បានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់រថយន្តម៉ាស៊ីនចំហេះក្នុង (ICE) ដោយក្នុងនោះ បរិមាណលក់ប្រចាំឆ្នាំ គឺបានធ្លាក់ចុះពីចំនួន ១៧,៨ លានគ្រឿង ក្នុងឆ្នាំ ២០២០ មកត្រឹមតែ ១០,៨៥ លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៥ ពោលគឺធ្លាក់ចុះប្រហែល ៣៩% ឬជាង ៧ លានគ្រឿង។

ក្នុងនោះ ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែទីផ្សារនៃរថយន្តថាមពលថ្មី (NEV) ដូចជារថយន្តអគ្គិសនី និង Hybrid កំពុងទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ជាក់ស្តែង នៅក្នុងខែធ្នូ ឆ្នាំ ២០២៥ ការលក់រថយន្តថាមពលថ្មី (NEV) គឺមានចំនួន ៥៩% នៃការលក់រថយន្តថ្មីប្រចាំខែ។

គួរបញ្ជាក់ថា បើទោះបីជាទីផ្សារទាំងមូលមានការថយចុះក៏ដោយ ក៏ប៉ុន្តែសម្រាប់ម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងមួយចំនួនក៏នៅតែរក្សាចំនួនលក់គួរឱ្យកត់សម្គាល់ផងដែរ តួយ៉ាងដូចជារថយន្ត Nissan Sylphy, Volkswagen Lavida, Volkswagen Sagitar, Geely Xingyue L និង Geely Boyue ជាដើម៕




















