ទឹកស្អំក្រៅពីជួយដល់ម៉ាស៊ីនរថយន្តហើយ តែក៏ជួយឲ្យអ្នកបានដឹងចំណុចសំខាន់មួយទៀតដែរ

តើរថយន្តរបស់អ្នក អាចចាក់ទឹកធម្មតា ចូលក្នុងធុងទឹកបានដែរឬទេ? ជាទូទៅ អ្នកបច្ចេកទេសតែងតែបានណែនាំឲ្យម្ចាស់រថយន្តប្រើទឹកស្អំ ឬ coolant ជាជាងទឹកធម្មតា ហើយមិនតែប៉ុណ្ណោះ ទឹកស្អំនោះទៀតសោត ក៏ត្រូវមានគុណភាពដែរ។

ទឹកធម្មតា បានត្រឹមតែជួយទប់កម្តៅម៉ាស៊ីនប៉ុណ្ណោះ ប៉ុន្តែគ្មានសារធាតុអ្វីសម្រាប់ការពារប្រព័ន្ធធុងទឹកទេ ដោយខុសពីទឹកស្អំ បានផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា៖

-ការពារម៉ាស៊ីនមិនឲ្យឡើងកម្តៅខ្លាំង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

-ការពារមិនឲ្យកកទឹក នៅក្នុងប្រទេសត្រជាក់

-មានសារធាតុគីមីជួយមិនឲ្យប្រព័ន្ធធុងទឹក មានស្នឹម ច្រេះ ឬកំណកអំបិល

-និងមានសារធាតុរំអិលជួយដល់បូមទឹកបង្កើនអាយុកាលប្រើប្រាស់ទៀតផង។

ក្រៅពីនេះ នៅមានចំណុចដ៏ល្អមួយទៀតចំពោះការប្រើទឹកស្អំ គឺអាចឲ្យយើងបានដឹងពីការលេចជ្រាប ព្រោះទឹកស្អំ មានពណ៌ផ្កាឈូក ឬបៃតង ដែលវាលេចជ្រាបនៅកន្លែងណាមួយ ឬស្រកចុះដី គឺយើងអាចងាយសម្គាល់ដឹងថាជាទឹកស្អំ តាមរយៈពណ៌របស់វានេះតែម្តង។

ក្នុងករណីបើកបរតាមផ្លូវ ស្រាប់តែបាត់ទឹកហើយឡើងកម្តៅ លោកអ្នកត្រូវទុកឲ្យម៉ាស៊ីនរថយន្តចុះត្រជាក់សិន ហើយអាចចាក់ទឹកធម្មតាជាបណ្តោះអាសន្នសិន។ បន្ទាប់មកពេលចូលការ៉ាស់ជួសជុលរួច គឺគួរលាងសម្អាតធុងទឹក ហើយចាក់ទឹកស្អំថ្មីចូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម