ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអង់គ្លេស Jaguar Land Rover មានបំណងបញ្ចេញរថយន្តម៉ូដែលថ្មីសន្លាងមួយទៀត ដែលមានឈ្មោះថា Road Rover នៅដើមឆ្នាំ២០២០ ខាងមុខនេះ បន្ទាប់ពីរថយន្ត Range Rover Velar ទើបតែត្រូវបានដាក់លក់នៅលើទីផ្សារ នាពេលថ្មីៗកន្លងមកនេះ។
បើយោងតាមគេហទំព័រ Autocar បានរាយការណ៍ថា ម៉ូដែលទី១ នៃត្រកូល Road Rover នឹងជារថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធសាធ ជាមួយនឹងសមត្ថភាពបើកបរបានគ្រប់កាលៈទេសៈ និងមានផ្នែកខាងក្នុងទំនើប ដើម្បីប្រជែងជាមួយរថយន្ត Mercedes-Benz S-Class។ ដោយសារតែម៉ូទ័រអគ្គិសនី រថយន្ត Road Rover អាចនឹងមានកម្លាំងខ្លាំងគួរឲ្យចាប់អារម្មណ៍ ហើយអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៥ វិនាទីឡើយ។
Road Rover អាចនឹងបង្ហាញខ្លួន នៅកម្មវិធីតាំងពិពណ៌រថយន្ត Los Angeles Auto Show នៅចុងឆ្នាំ២០១៩ មុនពេលដាក់លក់នៅលើទីផ្សារ នៅដើមឆ្នាំ២០២០ ខាងមុខនេះ។ វានឹងមានសមត្ថភាពបើកបរនៅលើផ្លូវធម្មតា (On-road) និងផ្លូវលំបាក (Off-road) ផងដែរ៕