រថយន្ត Lamborghini Huracan Performante Spyder មួយគ្រឿងដែលម្ចាស់របស់វាបើកបរចេញពីឃ្លាំងលក់រថយន្តបានទើបតែ ២០នាទីសោះ ត្រូវបានរងការប៉ះទង្គិចពីផ្នែកខាងក្រោយយ៉ាងដំណំតែម្ដង។
ប៉ូលិសនៃតំបន់ West Yorkshire ប្រទេសអង់គ្លេសបានចែករំលែករូបភាពនៃគ្រោះថ្នាក់នេះនៅលើបណ្ដាញ Twitter និងបានបញ្ជាក់ថារថយន្តមហាកម្លាំងនេះត្រូវបានបង្ខំចិត្តឈប់លើផ្លូវហាយវេ M1 ដោយសារបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន។ ក្រោយពីឈប់ភ្លាមៗដោយសារបញ្ហា ទើបត្រូវរថយន្តផ្សេងបើកបុកពីក្រោយ ធ្វើឲ្យរថយន្តដែលទើបទិញថ្មីៗរងការខូចខាតខ្លាំង។
ក្នុងហេតុការណ៍នេះម្ចាស់រថយន្ត Lamborghini បានដើរចេញពីកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តដែលបើកបុក Lamborghini ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្មានរបួសធ្ងន់គំរាមកំហែងដល់អាយុជីវិតឡើយ៕