[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត BYD បានរាយការណ៍ពីកំណើននៃការលក់សម្រាប់ខែដំបូងដែលក្រុមហ៊ុននេះលែងលក់រថយន្តដែលប្រើប្រាស់ថាមពលប្រេងឥន្ធនៈសុទ្ធ។
ពេញមួយខែមេសា ក្រុមហ៊ុន BYD លក់រថយន្តបានសរុប ១០៥ ៤៧៥គ្រឿង ដោយក្នុងនោះមានរថយន្ត ៥៧ ៤០៣គ្រឿង ជារថយន្តអគ្គិសនីសុទ្ធ និងមានចំនួន ៤៩ ០៧២គ្រឿង គឺជារថយន្តប្រភេទ Plug-in Hybrid។ តួលេខនេះមានការកើនឡើង ២៥៦% សម្រាប់រថយន្តអគ្គិសនីសុទ្ធ និងកើនឡើង ៤៣៩% សម្រាប់រថយន្ត PHEV។
ដោយឡែកត្រីមាសទីមួយនៃឆ្នាំ២០២២នេះ ក៏ទទួលបានលទ្ធផលល្អខ្លាំងណាស់ដែរ ដោយក្រុមហ៊ុនអាចលក់រថយន្តបានសរុប ៣៩៧ ៤២០គ្រឿង មានការកើនឡើង ១៦៦% ធៀបនឹងត្រីមាសទីមួយកាលពីឆ្នាំចាស់។ អ្វីដែលសំខាន់នោះគឺការលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV បានកើនឡើងរហូតដល់ ៣៨៨% ជាមួយចំនួនលក់សរុប ៣៩២ ៣៧១គ្រឿង ខណៈដែលរថយន្តប្រើថាមពលប្រេងឥន្ធនៈសុទ្ធធ្លាក់ចុះ ៩៣%។
បើតាមនាយកប្រតិបត្តិ BYD បានឲ្យដឹងថាក្រុមហ៊ុនមានគម្រោងបញ្ឈប់ការផលិតរថយន្តប្រើប្រេងឥន្ធនៈនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ ហើយមានគោលដៅធំគឺចង់ផលិតតែរថយន្តអគ្គិសនីសុទ្ធ ដែលមានន័យថារថយន្ត PHEV ក៏នឹងត្រូវបំបាត់ចោលផងដែរនៅថ្ងៃអនាគត៕