យោងតាមឯកសារដែលទទួលបានមកពីការធ្វើតេស្តរបស់ភ្នាក់ងារ EPA ត្រូវបានរកឃើញដោយ Rivian Owners Forum បានបញ្ជាក់ថារថយន្ត Rivian ទាំង ២ម៉ូដែល ពុំមានបំពាក់ប្រព័ន្ធបញ្ចុះកំដៅអគ្គិសនីទេ នេះជាការធ្វេសប្រហែសមួយ ខណៈពេលដែលម៉ូដែល Tesla បច្ចុប្បន្នទាំងអស់មានបំពាក់នូវប្រព័ន្ធបញ្ចុះកំដៅ ដូចនឹង Lucid Air ផងដែរ។
ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនសម្រាប់រថយន្តអគ្គិសនីអាចដំណើរការមុខងារផ្សេងៗគ្នា សម្រាប់ម៉ូដែលTesla Model Y វាអាចស្រូបកំដៅពីប្រព័ន្ធមួយចំនួនដូចជា ប្រព័ន្ធអាគុយ និងប្រព័ន្ធម៉ុទ័រ ក្នុងនោះវាក៏មានប្រយោជន៍ជាពិសេសនៅសីតុណ្ហភាពត្រជាក់ខ្លាំង ហើយអាចប្រើដើម្បីកំដៅកោសិកាអាគុយជាមុន។
ឯកសាររបស់ភ្នាក់ងារ EPA ក៏បង្ហាញផងដែរថា R1T មានថាមពលក្នុងការសាកបានរហូតដល់ ២១០ គីឡូវ៉ាត់ Rivian បញ្ជាក់ថា R1T អាចបើកបានចម្ងាយ ២២៥ គីឡូម៉ែត្រ ក្នុងរយៈពេល ២០ នាទីតាមរយៈឆ្នាំងសាកថាមពល ២០០ គីឡូវ៉ាត់។ មូលហេតុសំខាន់ដែល R1T មិនផ្តល់ការសាកថ្ម ៣៥០ គីឡូវ៉ាត់ ដូច GMC Hummer EV និង Hyundai Ioniq 5 គឺវាបំពាក់ជាមួយប្រព័័ន្ធអគ្គិសនីកម្លាំង ៤០០វ៉ុល មិនមែនជាប្រព័ន្ធអគ្គិសនីកម្លាំង ៨០០វ៉ុល។
ក្នុងនោះដែរក៏ត្រូវបានគេបង្ហាញថា R1T មានទម្ងន់ ៣,១៥២ គីឡូក្រាម ខណៈដែល R1S ប្រភេទ SUV មានទម្ងន់ ៣,១៣៧ គីឡូក្រាម ជាមួយនឹងការផលិត Rivian R1T ដែលកំពុងដំណើរការ ក្រុមហ៊ុនផលិតរថយន្តនេះបង្ហាញខ្លួនជាសាធារណៈនៅដើមខែវិច្ឆិកា ដោយបច្ចុប្បន្ននេះវាមានទីផ្សារភាគហ៊ុនជាង ១០១ ពាន់លានដុល្លារ ៕