[ទីផ្សារបរទេស] ប្រាក់ចំណេញរបស់ Tesla បានបន្តកើនឡើងក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ទោះបីជាការផលិត និងការលក់រថយន្តរងផលប៉ះពាល់ដោយសារវិបត្តិខ្វះខាតឈីបសកលក្ដី។
ត្រីមាសទីពីរនៃឆ្នាំ២០២២នេះ Tesla អាចលក់រថយន្តបានប្រាក់ចំណេញរហូតដល់ ២,២៦ពាន់លានដុល្លារ ដែលកើនឡើងពីប្រាក់ចំណូល ១,១៤ពាន់លានដុល្លារ រកបានកាលពីត្រីមាសទីពីរនៃឆ្នាំ២០២១កន្លងទៅ។
Tesla បានបិទបញ្ចប់ត្រីមាសទីពីរជាមួយសាច់ប្រាក់ ១៨,៩ពាន់លានដុល្លារ ដែលកើនឡើង ៩០២លានដុល្លារ ធៀបនឹងត្រីមាសមុន។ ក្រុមហ៊ុនក៏បានបង្ហាញផងដែរថាបានបម្លែង ៧៥% នៃ Bitcoin ដែលខ្លួនបានទិញទៅជាទឹកប្រាក់ដែលមានតម្លៃស្មើនឹង ៩៣៦លានដុល្លារ។
គួរដឹងថានៅត្រីមាសទីពីរនេះ Tesla អាចផលិតរថយន្តបាន ២៥៨ ៥៨០គ្រឿង ថយចុះពី ៣០៥ ៤០៧គ្រឿង កាលពីត្រីមាសដំបូង ខណៈដែលការលក់បានថយចុះពី ៣១០ ០៤៨គ្រឿង កាលពីត្រីមាសទីមួយ មកនៅត្រឹម ២៥៤ ៦៩៥គ្រឿង នៅត្រីមាសទីពីរ៕