
បន្ទាប់ពេលមានគោលបំណងពង្រីកការលក់រថយន្ត NEV របស់ខ្លួន ពេលនេះ រថយន្តម៉ូឌែលថ្មីមួយរបស់ក្រុមហ៊ុន Geely ឈ្មោះថា Geely Galaxy M9 បានលេចចេញនូវរូបរាងនៅលើដងផ្លូវហើយ ដោយរថយន្តម៉ូដែលថ្មីនេះជាប្រភេទរថយន្ត SUV ៦ កៅអី ប្រើប្រាស់បច្ចេកវិទ្យា plug-in hybrid ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី ហើយគ្រោងនឹងប្រកាសចេញនៅក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ដល់ ៤២ ០០០ ដុល្លារ។
ក្នុងនោះ បើមើលទៅតាមរូបភាព ទៅលើការរចនារូបរាងផ្នែកខាងក្រៅ Galaxy M9 នឹងទទួលបាននូវការររចនាបែបស្ព័រជាមួយក្រូមទៅលើផ្នែកមួយចំនួន ហើយមានប៉ាណាបិតជិតដូចរថយន្ត EV ដែរ រួមជាមួយចង្កៀងមុខ-ក្រោយ LED អូសពីម្ខាងទៅម្ខាង និងប្រព័ន្ធ LiDAR នៅលើដំបូលជាដើម។ លើសពីនេះ ក៏នឹងទទួលបាននូវប្រព័ន្ធជំនួយបើកបរឆ្លាតវៃ G-Pilot ឆ្លាតវៃកម្រិត L2+ ជាមួយយ៉ាន់ស្ព័រទំហំធំផងដែរ ហើយផ្នែកខាងក្នុងវិញ គឺត្រូវបានបំពាក់មកជាមួយអេក្រង់ភ្លោះនៅផ្នែកខាងមុខ រួមជាមួយអេក្រង់ HUD អេក្រង់កម្សាន្តនៅផ្នែកខាងក្រោយ ប្រព័ន្ធសាកថ្មឥតខ្សែកម្លាំង ៥០វ៉ាត់ កៅអីជួរទី១ និងទី២ មានមុខងារម៉ាស្សា កំដៅ ខ្យល់ចេញចូល ក៏ដូចជាមុខងារពិសេសៗជាច្រើនទៀតជាដើម។
ទាក់ទងនឹងផ្នែកម៉ាសុីនវិញ រថយន្តនេះ នឹងប្រើប្រាស់នូវប្រព័ន្ធ Geely’s Thor EM-P super hybrid system ដែលរួមបញ្ជូលគ្នារវាងម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤,៥វិនាទី អាចបើកបរបានចម្ងាយសរុបរហូតដល់ ១ ៥០០គីឡូម៉ែត្រ មានកម្រិតសុីប្រេង ៤,៨លីត្រ/១០០គីឡូម៉ែត្រ។ ខណៈប្រព័ន្ធជើងក្រោមវិញ គឺដំណើរការដោយប្រព័ន្ធ AI ៕