Toyota បានបង្ហាញចេញរូបរាងរថយន្តក្រុងបើកបរស្វ័យប្រវត្តិ e-Palette ដែលនឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនអត្តពលិក និងបុគ្គលិកជុំវិញតំបន់ Olympic and Paralympic នៃព្រឹត្តិការណ៍អូឡាំពិក ២០២០។
រថយន្តនេះគឺជាការអាប់ដេតថ្មីនៃការឌីហ្សាញដែលបង្ហាញចេញកាលពីឆ្នាំ ២០១៨ កន្លងទៅ ក្នុងកម្មវិធី Consumer Electronics Show ឆ្នាំ ២០១៨។ រថយន្តនេះមានប្រវែង ៥២៥៥ ម.ម ទទឹង ២០៦៥ ម.ម និងកម្ពស់ ២៧៦០ ម.ម។ វាអាចផ្ទុកមនុស្សបាន ២០ នាក់ ឬអាចផ្ទុកអ្នកជិះរទេះរុញ ៤ និងមនុស្សឈរ ៧ នាក់។
e-Palette ដែលធ្វើការអាប់ដេតថ្មីនេះមានបំពាក់បច្ចេកវិទ្យា LIDAR និងប្រព័ន្ធកាមេរ៉ាជាច្រើន រួមនឹងផែនទី 3D ដែលអាចដៅទិសដៅ និងគណនាបានត្រឹមត្រូវបំផុត ហើយវាមានសមត្ថភាពបើកបរស្វ័យប្រវត្តិកម្រិត ៤ ដែលបើកបរស្វ័យប្រវត្តិដោយគ្មានការត្រួតពិនិត្យពីមនុស្សនៅល្បឿនដល់ ២០ គ.ម/ម៉។
Toyota នឹងបញ្ចេញរថយន្ត e-Palette នេះចំនួន ២០ គ្រឿងឲ្យដំណើរការក្នុងអំឡុងព្រឹត្តិការណ៍ ដែលរថយន្តនីមួយៗអាចបើកបរបានចម្ងាយ ១៥០ គីឡូម៉ែត្រពេលសាកថាមពលពេញ៕