ក្រុមហ៊ុនរថយន្តកាន់តែច្រើនបានផ្លាស់ប្ដូរមុខសញ្ញាទៅកាន់រថយន្តប្រភេទ SUV ហើយមានក្រុមហ៊ុនផលិតរថយន្តនៅអាមេរិកខ្លះ បានបោះបង់ចោលរថយន្តប្រភេទ Sedan អស់ពីមួយចូលមួយ។
ជាក់ស្ដែងដូចជាក្រុមហ៊ុន Ford និង Buick ឆាប់ៗខាងមុខនេះនឹងលែងមានរថយន្តប្រភេទ Sedan លក់ជូនអតិថិជនទៀតហើយ បន្ទាប់ពីការផលិតរថយន្ត Fusion និង Regal ត្រូវបញ្ចប់។ នៅចុងឆ្នាំ ក្រុមហ៊ុន Lincoln ក៏នឹងដូចគ្នា ពេលដែលការផលិតរថយន្ត Continental ត្រូវបញ្ចប់។ ចំណែកឯ Cadillac និង Chevrolet វិញ ជម្រើសរថយន្ត Sedan ពីមួយឆ្នាំទៅមួយឆ្នាំមានកាន់តែតិចទៅៗ។
ដោយឡែក បើក្រឡេកមើលទៅក្រុមហ៊ុន Toyota នៅអាមេរិកឯណោះវិញ ហាក់មានបំណងចង់ក្រសោបយកអតិថិជន Sedan ដែលក្រុមហ៊ុនដទៃបានបោះបង់ចោល ដោយក្រុមហ៊ុន Toyota បានបន្ថែមជម្រើសកាន់តែច្រើនសម្រាប់រថយន្ត Sedan ខ្លួន។
កាលពីថ្មីៗនេះ Toyota ទើបបានប្រកាសចេញប្រភេទ Nightshade Editions សម្រាប់រថយន្ត Camry SE ឆ្នាំ ២០២១ និងរថយន្ត Avalon XSE ឆ្នាំ ២០២១ ហើយបញ្ចេញលក់រថយន្ត Corolla Hybrid និងរថយន្ត Prius, Avalon, Camry ប្រភេទ AWD ទៀតផង។ នៅមានច្រើនជម្រើសទៀតដែលក្រុមហ៊ុន Toyota នឹងផ្ដល់ជូន ក្នុងនោះរួមមានរថយន្តអ៊ីដ្រូហ្សែន Mirai ជំនាន់ទីពីរ ដែលនឹងលក់នាចុងឆ្នាំនេះ។
អនុប្រធានទីផ្សារប្រចាំនៅ Toyota USA បានមើលឃើញអំពីអនាគតត្រចះត្រចង់នៃរថយន្ត Sedan របស់ Toyota។ លោកស្រី Cynthia Tenhouse បាននិយាយដូចនេះថា ៖ “ពិតជាអស្ចារ្យមែនដែលតម្រូវការរថយន្ត Sedan នៅមានច្រើនគួរសម។ យើងរំពឹងថារថយន្ត Sedan ដែលលក់ចេញនៅឆ្នាំ ២០២០ អាចនឹងមានចំនួន ៤លានគ្រឿង។ ហើយយើងសប្បាយចិត្តក្នុងការកាន់កាប់ចំណែកទីផ្សារឲ្យបានច្រើនតាមដែលអាចទៅរួច។ សម្រាប់យើង យើងរំពឹងថានឹងលក់រថយន្ត Sedan បានប្រមាណ ៧៥ម៉ឺនគ្រឿងនៅអាមេរិកនាឆ្នាំនេះ។”
គួររំលឹកថាកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Toyota អាចលក់រថយន្តបាន ២,១លានគ្រឿងនៅអាមេរិក ដែលមានជិត ៧៧ម៉ឺនគ្រឿង ជារថយន្ត Sedan៕