បងប្អូនយើងស្គាល់ Tesla ប៉ុន្តែឡានអគ្គិសនីរបស់ចិន NIO នេះក៏មិនធម្មតាដែរ

7621

យើងទាំងអស់គ្នាបានស្គាល់ច្បាស់ហើយ ពីក្រុមហ៊ុនឡានអគ្គិសនី Tesla របស់សហរដ្ឋអាមេរិច ប៉ុន្តែចិនវិញក៏មានក្រុមហ៊ុនឡានអគ្គិសនីដ៏ទំនើបមួយផងដែរ នោះគឺក្រុមហ៊ុនផលិតរថយន្តអគ្គិសនី NIO។ ហើយ NIO នេះជាក្រុមហ៊ុនរបស់ចិន ដែលជំនាញលើរថយន្តអគ្គិសនីតែម្តង ដែលត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ ដោយលោក William Li (Li Bin) ប្រធានក្រុមហ៊ុន Bitauto Holdings Limited និងក្រុមហ៊ុន NEXTEV។ ក្រោយពីការបង្កើតក្រុមហ៊ុន NIO មានក្រុមហ៊ុនចូលរួមវិនិយោគដូចជា៖ Tencent, Temasek, Baidu, Sequoia, Lenovo និង TPG។ ដោយពេលនោះ រថយន្តដំបូងរបស់ខ្លួនគឺរថយន្តបែបស្ព័រ NIO EP9។

Sponsored

ក្នុងខែតុលា ឆ្នាំ២០១៦ NIO បានប្រកាសពីសិទ្ធក្នុងការបើកបរសាកល្បងស្វ័យប្រវិត្ត “Autonomous Vehicle Testing Permit” ដោយ DMV រដ្ឋកាលីហ្វ័ញ៉ា ដែលអនុញ្ញាត្តអោយ NIO អាចធ្វើការបើកបរសាកល្បងលើផ្លូវសាធារណៈនៃកម្មវិធី “Autonomous Vehicle Tester Program” ដោយសារខ្លួនមានគម្រោងក្នុងការផលិតរថយន្តបើកបរដោយខ្លួនឯងក្នុងកំរឹត ៣ និង ៤។ ក្រោយមកនៅខែឧសភា ឆ្នាំ២០១៨ NIO បានបង្កើតស្ថានីយសាកភ្លើងល្បឿនលឿនដ៏ទំនើបរបស់ខ្លួន “Power Swap Station” នៅតំបន់ណានសាន នៃទីក្រុងហ្សេនជិន ខេត្តក្វាងទុង ប្រទេសចិន ដោយកាលនោះអាចសាកបានតែរថយន្ត ES8 តែប៉ុណ្ណោះដែលអាចសាកភ្លើងនៅស្ថានីយនោះបាន។ នៅខែកញ្ញា ឆ្នាំ២០១៨ បានឡើងទីផ្សារភាគហ៊ុន តម្លៃ ១,៨ពាន់លានដុល្លារ លើ NYSE។ ចំពោះ NIO ក៏មានបច្ចេកវិទ្យាបើកបរខ្លួនឯងផងដែរ ដែលមានឈ្មោះថា NIO Pilot ចំណែក Tesla មាន Autopilot។

ក្រុមហ៊ុននេះ ហាក់បីដូចជាល្អប្រសើរជាង Tesla ត្រង់ថា អ្វីដែលខ្លួននិយាយគឺនឹងមានលេចរូបរាងតាមគម្រោងរបស់ខ្លួន ហើយជាក់ស្តែងអ្វីដែលគួរអោយកត់សម្គាល់នោះគឺ ស្ថានីយសាកភ្លើងល្បឿនលឿនដ៏ទំនើប Power Swap Station ជាច្រើនកន្លែងត្រូវបានបង្កើត ដោយបច្ចុប្បន្នមានចំនួន ១៣១ស្ថានីយ មានប្រហែលជាង ៥០ម៉ឺនសម្រាប់សាក (ឆ្នាំ២០២០) ដែលគ្របដណ្ដប់លើផ្លូវល្បឿនលឿនរបស់ចិនរាប់ពាន់គីឡូម៉ែត្រ។ ត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មានកន្លែងសាកភ្លើងចំនួន ២លានកន្លែង ក្នុងទីក្រុងស៊ូចូវ ដែលក្នងនោះមានស្ថានីយប្រភេទសាកភ្លើងល្បឿនលឿនទំនើប Battery Swapping ១៩៣ទីតាំង ប្រភេទ Supercharging ១៣៤ទីតាំង និងស្ថានីយ៍គោលដៅចំនួន ៣២៧ នៅទូទាំងប្រទេសចិន។

ខាងក្រោមនេះជាចំនួនលក់បានរបស់រថយន្ត NIO ដោយក្នុងឆ្នាំ ២០១៨ លក់បាន ១១ ៣៨៤គ្រឿង (ES8), ឆ្នាំ២០១៩ លក់បាន ២០ ៥៦៥គ្រឿង (ES6 និង ES8), ឆ្នាំ២០២០ លក់បាន ៤៣ ៧២៨គ្រឿង (ES6, ES8 និង EC6) និងត្រឹមខែមីនា ឆ្នាំ២០២១ លក់បានចំនួន ២០ ០៦០ គ្រឿងដែលអាចនិយាយបានថាជាតួរលេខល្អបំផុតមួយរបស់ NIO។ គិតតាំងពីឆ្នាំ ២០១៨ ដល់ខែមីនា ឆ្នាំ២០២១ រថយន្ត NIO លក់បានចំនួនសរុប ៩៥ ៧០១គ្រឿងដែលមានម៉ូដែលដូចជា៖

  • ES6 : ៤៧ ៤៦៦គ្រឿង
  • ES8 : ៣៥ ៨៥៧គ្រឿង
  • EC6 : ១២ ៣៧៨គ្រឿង

ដូចបានរៀបរាប់ខាងលើគេតែងតែហៅ NIO ជាក្រុមហ៊ុន Tesla ទី២ និងជាដៃគួរប្រកួតប្រជែងដ៏ធំមួយផងដែរ។ តើបងប្អូនយល់យ៉ាងណាដែរ? ហើយមានរឿងជាច្រើនទៀត ដែលត្រូវនិយាយពីក្រុមហ៊ុនចិន NIO មួយនេះ…

 

Sponsored