
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះហើយ បើខកខានមិនបានបង់ពន្ធនេះទេ នឹងត្រូវទទួលរងការផាកពិន័យគុណនឹង២។

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវមានឯកសារ និងការអនុវត្តដូចខាងក្រោមៈ
១. ម្ចាស់កម្មសិទ្ធិ ឬអ្នកតំណាង (សម្រាប់រថយន្តទេសចរណ៍) ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើកដំបូង ដោយត្រូវបំពេញព័ត៌មានទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់ និងត្រូវមានឯកសារ ដូចជាៈ ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ អត្តសញ្ញាណបណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ ហើយសម្រាប់នីតិបុគ្គល ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ។
២. សម្រាប់ម្ចាស់កម្មសិទ្ធិ ឬអ្នកតំណាង ដែលបានចុះបញ្ជី និងប្រកាស និងបង់ប្រាក់ពន្ធម្តងរួចមកហើយ ត្រូវមានឯកសារ ដូចជា បណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ បណ្ណសម្គាល់យានជំនិះ ឬ បង្កាន់ដៃទទួលប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំចាស់។

ក្រោយពេលបង់ពន្ធរួច ម្ចាស់មធ្យោបាយដឹកជញ្ជូនត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធ និងលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន។ លតាបត្រនេះ ត្រូវបិទភ្ជាប់ជាមួយនឹងយានយន្តនោះ ហើយបង្កាន់ដៃទទួលប្រាក់ពន្ធ អាចរក្សាទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់។
គួរដឹងដែរថា ម្ចាស់មធ្យោបាយដឹកជញ្ជូន អាចស្នើសុំបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងបង់ថ្លៃសេវាចំនួន ៥ពាន់រៀល នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារជាដៃគូ។ បណ្ណនេះ មានទម្រង់ជាបណ្ណរឹង និងបណ្ណទម្រង់ឌីជីថល (E-Card) ដោយនឹងទទួលបានភ្លាមៗ បន្ទាប់ពីបង់ប្រាក់ពន្ធ និងថ្លៃសេវារួច៕



















