[ទីផ្សារបរទេស] ផ្អែកតាមការប្រកាសរបស់ Hyundai បើគិតត្រឹមខែមីនា ឆ្នាំ២០២២ នេះ ក្រុមហ៊ុនអាចលក់រថយន្ត Hyundai Ioniq 5 បានសរុប ៨៨ ៨៧១គ្រឿង ដែលក្នុងនោះមាន ៣៣ ២១២គ្រឿងលក់បាននៅប្រទេសកូរ៉េខាងត្បូង និងទីផ្សារបរទេសលក់ចេញបាន ៥៥ ៦៥៨គ្រឿង។
នៅទឹកដីកំណើត Ioniq 5 បច្ចុប្បន្នបានក្លាយជារថយន្តអគ្គិសនីដែលពេញនិយមជាងគេ ដោយការលក់របស់វាកាលពីឆ្នាំមុនគឺមានចំណែក ៣១,៥៩% នៃការលក់រថយន្តអគ្គិសនីសរុបនៅកូរ៉េខាងត្បូង។ ជាងនេះទៅទៀត នៅទីផ្សារអាស៊ីអាគ្នេយ៍ក៏ឃើញថាទទួលបានការគាំទ្រខ្លាំងផងដែរ ដូចជានៅប្រទេសឥណ្ឌូណេស៊ីអាចលក់ចេញបាន ១ ៥៨៧គ្រឿង ក្នុងពេលមិនដល់មួយខែឡើយ។
Ioniq 5 បានប្រកាសចេញកាលពីខែមេសា ឆ្នាំ២០២១ និងបានក្លាយជារថយន្តដំបូងដែលប្រើប្រាស់គ្រោងឆ្អឹងដែល Hyundai ផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីគឺគ្រោងឆ្អឹង Electric Global Modular Platform។
Ioniq 5 គឺជារថយន្តដំបូងគេក្នុងលោកដែលមានបច្ចេកវិទ្យាសាកល្បឿនលឿន ៨០០វ៉ុល ដែលអាចសាកពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី។ ក្រោយសាកពេញ រថយន្តនេះអាចបើកបរបានចម្ងាយ ៤២៩គីឡូម៉ែត្រផងដែរ៕