Xiaomi Auto បានដាក់ពាក្យស្នើសុំប៉ាតង់ សម្រាប់បច្ចេកវិទ្យាថ្មីនៃប្រព័ន្ធសុវត្ថិភាពរថយន្ត “Vehicle Overspeed Alert Method Device” ដែលនឹងជួយដាស់តឿនឲ្យអ្នកបើកបរមានការប្រុងប្រយ័ត្នខ្ពស់នូវវល្បឿនរថយន្ត ដែលអាចបង្កគ្រោះថ្នាក់កើតឡើង។

ប្រព័ន្ធថ្មីនេះ នឹងប្រមូលពីគ្រប់សេនស័រអំពីវត្ថុនានានៅក្នុងរង្វង់តំបន់ដែលរថយន្តកំពុងស្ថិតនៅ។ ពេលនោះ វានឹងធ្វើការគណនាចាប់យកប្រភេទវត្ថុចលនា ដែលជាគោលដៅ ដែលនឹងអាចប៉ះទង្គិចជាមួយល្បឿនរថយន្ត។ បើល្បឿនរថយន្តប៉ុណ្ណេះ អាចបង្កគ្រោះថ្នាក់ជាមួយវត្ថុនោះបាន ប្រព័ន្ធនេះនឹងលោតសញ្ញាព្រមានភ្លាម ដើម្បីដាស់តឿនឲ្យអ្នកបើកបរបន្ថយល្បឿនវិញភ្លាមៗ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។
ការពិតទៅ នៅតាមប្រទេសជឿនលឿន គឺមានការបំពាក់ប្រព័ន្ធតាមដានការលើសល្បឿនកំណត់របស់រថយន្តរួចស្រេចទៅហើយ។ ប៉ុន្តែ Xiaomi បានកត់សម្គាល់ថា នៅតំបន់ទីប្រជុំជន បើទោះបីជារថយន្តនោះ បើកក្រោមល្បឿនកំណត់ក៏ដោយ ប៉ុន្តែវានៅតែមានហានិភ័យសុវត្ថិភាពដដែល។

ដូច្នេះ ប្រព័ន្ធនេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់បន្ថែមទៀត ហើយចំពោះកម្រិតនៃលោតសញ្ញាដាស់តឿន នឹងធ្វើឡើងតាមតំបន់ជាក់ស្តែង ជាពិសេសនៅកន្លែងមានមនុស្សច្រើនកកកុញ ដូចជា នៅសាលារៀន តំបន់ទេសចរណ៍ និងតំបន់ការដ្ឋាន៕


















