
[បរទេស] Lexus LC 500h ប្រភេទកូនកាត់ហាយប្រ៊ីដបានបង្ហាញខ្លួននៅកំឡុងឆ្នាំ២០១៦ និងបានឈានជើងចូលទៅកាន់ទីផ្សារនៅសហរដ្ឋអាមេរិចក្នុងឆ្នាំ២០១៨ ជាមួួយការលក់សរុបបានត្រឹមចំនួន ២៤៨គ្រឿងប៉ុណ្ណោះក្នុងរយ:ពេល ៨ឆ្នាំនេះ ដោយ៖
- ឆ្នាំ២០១៨ លក់បានចំនួន ១០២គ្រឿង
- ឆ្នាំ២០១៩ លក់បានចំនួន ៣៧គ្រឿង
- ឆ្នាំ២០២០ លក់បានចំនួន ១៤គ្រឿង
- ឆ្នាំ២០២១ លក់បានចំនួន ១៤គ្រឿង
- ឆ្នាំ២០២២ លក់បានចំនួន ១៩គ្រឿង
- ឆ្នាំ២០២៣ លក់បានចំនួន ៣៧គ្រឿង
- ឆ្នាំ២០២៤ លក់បានចំនួន ១៨គ្រឿង
- ឆ្នាំ២០២៥ (គិតត្រឹមខែមិថុនា) លក់បានចំនួន ៧គ្រឿង
ជាមួយលទ្ធផលនៃការលក់បានចំនួនតិចបែបនេះ អាចជាហេតុផលធ្វើអោយ Lexus សម្រេចចិត្តបញ្ចប់ជីវិតម៉ូឌែលឡានស្ព័រកូនកាត់មួយនេះ។ ប៉ុន្តែទោះជាយ៉ាងណា ត្រកូល LC ក៏នឹងបន្តជីវិតជាមួយម៉ូឌែល LC 500 ដែលជាម៉ូឌែលទើបទទួលបានការអាប់ដេតថ្មីសម្រាប់ឆ្នាំ២០២៦ ដែលផលិតជាមួួយចំនួនកំណត់ត្រឹម ២០០គ្រឿងសម្រាប់ម៉ូឌែលប្រភេទ Coupe ជាមួយតម្លៃចាប់ពី ១០១ ៧០០ដុល្លារ និង ៣៥០គ្រឿងសម្រាប់ម៉ូឌែលប្រភេទ Convertible ជាមួយតម្លៃ ១០៩ ២០០ដុល្លារ។
គួររំលឹកផងដែរថា Lexus LC 500 Hybrid ដំណើរការរួមគ្នា ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៥៤សេះ។ ខណ: Lexus LC 500 ដំណើរការដោយម៉ាស៊ីនចំណុះ ៥,០លីត្រ V8 អាចផលិតកម្លាំងបាន ៤៧១សេះ ផ្គូរផ្គង់ជាមួយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ៕