តាមសារព័ត៌មាន Bloomberg បានឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោក Elon Musk អ្នកបង្កើតក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើងជាង ៦ពាន់លានដុល្លារកាលពីថ្ងៃសុក្រ បន្ទាប់ពីភាគហ៊ុនរបស់ Tesla ឡើងថ្លៃ ១០,៨% មានតម្លៃ ១៥៤៤ដុល្លារ ក្នុងមួយហ៊ុន។
គួរដឹងថាលោក Elon Musk មានកាន់កាប់ចំណែកភាគហ៊ុននៅ Tesla ចំនួន ២០,៨% ដែលវាមានតម្លៃស្មើនឹងប្រមាណ ៥៣ពាន់លានដុល្លារ។ លោក Musk ក៏ជាម្ចាស់ភាគហ៊ុនធំមួយនៃក្រុមហ៊ុនអវកាស SpaceX ផងដែរ។ ផ្អែកតាមតួលេខរបស់ Bloomberg Billionaires Index បានបង្ហាញថាបច្ចុប្បន្ននេះលោក Elon Musk មានទ្រព្យសម្បត្តិប្រមាណ ៧០,៥ពាន់លានដុល្លារ ដែលបាននាំមុខលោក Warren Buffett ក្លាយជាបុគ្គលមានទ្រព្យច្រើនជាងគេក្នុងលោកលំដាប់ទី ៧។
នៅក្នុងឆ្នាំ ២០២០ នេះ តម្លៃភាគហ៊ុនរបស់ Tesla មានកើនឡើងរហូតដល់ ២៦៩% ឯណោះ ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃថ្លៃជាងគេលើលោក អាចនាំមុខក្រុមហ៊ុន Toyota៕