បើសម្រេច ៥យ៉ាងនេះបាន កម្ពុជានឹងមានសន្ទុះប្រើ EV ខ្លាំង ហើយក៏មិនវិលទៅប្រើរថយន្តសាំងវិញដែរ

ចរន្តនៃការប្រើប្រាស់រថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះ កាន់តែមានសន្ទុះខ្លាំងឡើងហើយ ដោយឡែកនៅកម្ពុជា ក៏មានកំណើនប្រើប្រាស់រថយន្តប្រភេទនេះច្រើនផងដែរពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការលើកទឹកចិត្តពីរដ្ឋ និងការហូរចូលវិនិយោគទុនរបស់ក្រុមហ៊ុនរថយន្តបរទេសជាដើម។

យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុក នៅមិនទាន់អាចឆ្លើយតបបានគ្រប់គ្រាន់ ហើយវាក៏ជាកត្តារាំងស្ទះដ៏ធំមួយ សម្រាប់វិស័យ EV។ លើសពីនេះ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ក៏បានធ្វើឱ្យអ្នកប្រើរថយន្ត EV ខ្លះ ចង់ងាកមករករថយន្តចំហេះក្នុងវិញទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០» របស់រាជរដ្ឋាភិបាល គឺបានជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ក្នុងនោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់អ្នកប្រើប្រាស់ ដោយរួមមានការបញ្ចូលថាមពល ការផ្គត់ផ្គង់ថាមពល ការថែទាំ និងជួសជុលជាដើម។

ហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី

  • រៀបចំបទបញ្ញត្តិ និងស្តង់ដាសម្រាប់ឧបករណ៍ឬបរិក្ខារបញ្ចូលថាមពល និងស្ថានីយបញ្ចូលថាមពល ឬផ្លាស់ប្តូរឧបករណ៍ស្តុកថាមពល (swap)
  • កំណត់ទីតាំង និងកម្រិតចំនួនស្ថានីយបញ្ចូលថាមពល ស្របតាមតម្រូវការជាក់ស្តែង
  • រៀបចំស្តង់ដាស្ថានីយ ឬឧបករណ៍បញ្ចូលថាមពល ដែលប្រើប្រាស់គ្រប់ប្រភេទយានយន្តអគ្គិសនី
  • ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ សម្រាប់គ្រប់គ្រង និងបង់ប្រាក់លើការប្រើប្រាស់ស្ថានីយ
  • ជំរុញការកសាងស្ថានីយនៅតាមផ្លូវជាតិ ផ្លូវល្បឿនលឿន អគារ ខុនដូរ ផ្សារទំនើប និងសណ្ឋាគារ។

ការផ្គត់ផ្គង់ថាមពល

  • កំណត់ថ្លៃអគ្គិសនី
  • កំណត់បទដ្ឋានបច្ចេកទេស និងស្តង់ដាសុវត្ថិភាពសម្រាប់ការបញ្ចូលថាមពល
  • សម្រួល និងពន្លឿននីតិវិធីផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណ ដល់អ្នកផ្តល់សេវាកម្មបញ្ចូលថាមពល
  • ជំរុញការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ នៅតាមស្ថានីយបញ្ចូលថាមពល

ស្តង់ដាយានយន្តអគ្គិសនី និងគ្រឿងបង្គុំ/គ្រឿងបន្លាស់

  • រៀបចំបទបញ្ញត្តិ និងស្តង់ដាគុណភាព និងសុវត្ថិភាព
  • ពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

បណ្តាញតភ្ជាប់ និងគ្រប់គ្រងទិន្នន័យ

  • រៀបចំបណ្តាញតភ្ជាប់ ចែករំលែកទិន្នន័យ និងបង្កើតត្រួតពិនិត្យ និងរាយការណ៍បញ្ហាកំហុសបច្ចេកទេស ដើម្បីធានាសុវត្ថិភាព និងដោះស្រាយទាន់ពេល។

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត

  • រៀបចំបទដ្ឋានចំណតអាទិភាពសាធារណៈ ឬនៅតាមអគារ ឬផ្សារទំនើប សម្រាប់យានយន្តអគ្គិសនី
  • កែសម្រួលបទដ្ឋានសាងសង់អគារ និងបទដ្ឋាននៃការអភិវឌ្ឍទីក្រុង និងតំបន់អភិវឌ្ឍសំខាន់ៗផ្សេងទៀត ដើម្បីជាកាតព្វកិច្ចក្នុងការបញ្ចូលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពល និងចំណតយានយន្តអគ្គិសនីនៅក្នុងគម្រោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម