រូបភាពដំបូងនៃរថយន្ត Lincoln Zephyr ស៊េរីឆ្នាំ២០២៣ ក្នុងនាមជាផលិតផលសម្រេចត្រូវបានចេញផ្សាយលើអនឡាញមុនការប្រកាសចេញជាផ្លូវការនៅកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou នៃប្រទេសចិន។
រូបភាពបានបង្ហាញថារថយន្ត Lincoln Zephyr នេះគឺមានការឌីហ្សាញរូបរាងស្រដៀងនឹងរថយន្ត Concept ឈ្មោះថា Zephyr Reflection ខ្លាំងមែនទែន ដោយចំណុនទាក់ទាញរបស់វាគឺការឌីហ្សាញផ្ទាំងប៉ាណាខាងមុខតែម្ដង។
សារព័ត៌មានចិនបានផ្សព្វផ្សាយថារថយន្តនេះគឺមានប្រវែង ៤៩៨២ម.ម ទទឹង ១៨៦៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺ ២៩៣០ម.ម ជាមួយកម្ពស់ ១៤៨៥ម.ម ផងដែរ ដែលធ្វើឲ្យរថយន្តនេះមានទំហំធំគួរសមសម្រាប់រថយន្តកៅអីពីរជួរ។
រថយន្តនេះរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន ២,០លីត្រ ប្រភេទ Turbo ដែលអាចផលិតកម្លាំងបាន ២៣៨សេះ ហើយវាប្រើប្រាស់ប្រព័ន្ធបើកបរកង់មុខ ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។ គួរដឹងថាដំណឹងលម្អិតផ្សេងទៀតអំពីរថយន្តនេះ រំពឹងថានឹងបង្ហាញចេញនៅថ្ងៃទី១៩ ខែវិច្ឆិកា៕