ប្រទះឃើញរថយន្ត Hongqi H6 នៅលើដងផ្លូវ ជាមួយរូបរាងដ៏ទាក់ទាញ នៅក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តម៉ូដែលថ្មី Hongqi H6 ប្រភេទ sedan ថ្មី ជារថយន្តដែលស្ថិតនៅចន្លោះរវាងម៉ូដែល H5 និង H7 ក្នុងត្រកូលរបស់ខ្លួន ត្រូវបានប្រទះឃើញនៅលើដងផ្លូវមុនពេលបង្ហាញខ្លួនជាផ្លូវការរនៅក្នុងប្រទេសចិន។

រថយន្ត Hongqi H6 រចនាតួខ្លួនជាមួយពណ៌ខ្មៅ មានប្រវែងតួខ្លួនសរុប ៤ ៩៩០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម។ សម្រាប់ផ្នែកខាងមុខរបស់រថយន្តនេះ មានការរចនាដ៏ទាក់ទាញ​ ជាមួយលក្ខណៈបែបស្ព័រ ដោយបានបំពាក់ដោយចង្កៀងមុខរាងជ្រុងអបសងខាងនឹងប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយក្រូម៉េ, អំពូលកាត់អ័ព្ទ ក៏ដូចជាឡូហ្គោពណ៌ក្រហមតុបតែងដោយក្រូម៉េដែលរត់បញ្ឈរពីលើផ្នែកខាងមុខ និងនៅរបាំងការពារភក់ដូចទៅនឹងម៉ូដែល Hongqi ផ្សេងទៀតដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ​នៅផ្នែកខាងក្រោយ ភ្ជាប់ដោយចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, ថាសកង់ស្ព័រទំហំធំពណ៌ប្រាក់, កាងខាងក្រោយ និងបំពង់ស៊ីមាំងក៏ត្រូវបានតុបតែងជាមួយក្រូម៉េផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Hongqi H6 ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ ដល់ ២៤៨ សេះ។ ដោយសារតែរថយន្តនេះមិនទាន់ត្រូវបានដាក់បង្ហាញជាផ្លូវការនៅឡើយ ដូច្នេះព័ត៌មានលម្អិតអំពីការបើកបរ (performance) មិនទាន់ត្រូវបានប្រកាសនោះទេ។

គួរបញ្ជា្កក់ផងដែរថា រថយន្ត Hongqi H6 ស៊េរីថ្មីនឹងបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុងកម្មវិធី Guangzhou Auto Show នៅខែក្រោយ ហើយនឹងបង្ហាញខ្លួននៅលើទីផ្សាររថយន្តចិនក្នុងត្រីមាសទី១ ឆ្នាំ​ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម