[បរទេស] កាលពីពេលថ្មីៗកន្លែងទៅនេះ ប្រទះឃើញភីកអាប់ Toyota Hilux GR Sport ជាប្រភេទរថយន្តចង្កូតស្តាំ ដែលនាំយកពីប្រទេសអូស្ត្រាលី នៅឯកន្លែងតាំងពិព័រណ៍រថយន្ត Toyota នៅក្នុងព្រឹត្តិការណ៍ Toyota Gazoo Racing Motorsport 2023, Chang International Circuit ដែលបានធ្វើឡើងនៅខេត្ត Buriram ប្រទេសថៃ ។
Toyota Hilux GR Sport ដែលលក់ក្នុងប្រទេសអូស្ត្រាលីគឺខុសពីប្រទេសថៃ ដោយម៉ូដែលរបស់អូស្ត្រាលីមានទទឹងតួខ្លួន ២ ០២០ ម.ម វែងជាង ១៦៥ ម.ម ធៀបនឹងម៉ូដែលរបស់ថៃដែលមានទទឹង ១ ៨៥៥ ម.ម និងមានកន្លាតរវាងកង់ខាងមុខ ១ ៦៧០ ម.ម និងកង់ខាងក្រោយ ១ ៧៥០ ម.ម ។
Toyota Hilux GR Sport របស់អូស្រ្តាលី ក៏មានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលត្រូវបានកែសម្រួល ដើម្បីឲ្យមានកម្លាំងខ្លាំងជាងមុន ដោយផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយស្វ័យប្រវត្តិអូតូ ៦ វគ្គ ជាមួយនឹង Paddle Shifters នៅលើដៃចង្កូតផងដែរ។ ខណៈដែលប្រព័ន្ធទប់លំនឹងខាងមុខប្រភេទ Double-wishbone និង double leaf spring នៅផ្នែកខាងក្រោយ ប៉ុន្តែប្រព័ន្ធហ្វ្រាំងត្រូវបានធ្វើឲ្យប្រសើរឡើងនៅដុំហ្វ្រាងឌីសជួយទៅដល់ការបើកបរកាន់តែប្រសើរ ។
ចំពោះនៅផ្នែខាងក្នុងវិញ ត្រូវបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់ដោយ Apple CarPlay និង Android Auto ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក JBL ៩ ចំនុច ព្រមទាំងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense system និងមានតម្លៃលក់ ៥៣ ៧១៣ ដុល្លារ ៕