[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមនៅ TFLnow បានប្រមាញ់បានរថយន្ត Honda Pilot ជំនាន់ថ្មី អំឡុងពេលធ្វើការបើកបរសាកល្បងក្នុងរដ្ឋ Ohio ។ រថយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងបំពាក់ដោយប្រព័ន្ធ hybrid លើសពីនេះ ក៏បានភ្ជាប់មកជាមួយការរចនាថ្មីទាំងស្រុងផងដែរ។
គួរឲ្យដឹងថា រថយន្ត Honda Pilot ជំនាន់បច្ចុប្បន្ន ត្រូវបានដាក់បង្ហាញនៅលើទីផ្សារតាំងពីឆ្នាំ ២០១៦ ហើយបានកែមុខមាត់ឡើងវិញនៅឆ្នាំ ២០១៩ ចាប់តាំងពីពេលនោះមក រថយន្តនេះមិនមានការផ្លាស់ប្តូរអ្វីច្រើនទេ។
Honda Pilot ថ្មីនេះបានភ្ជាប់មកជាមួយនឹងប៉ាណាមុខធំជាងមុន រួមទាំងចង្កៀងមុខប្រភេទ LED រាងស្លីម ដោយផ្តោតលើលក្ខណៈកាន់តែស្ព័រ, រន្ធម៉ាស៊ីនត្រជាក់ និងភ្លើងគឺស្រដៀងនឹង Passport ដែលទើបតែត្រូវបានគេកែមុខមាត់ថ្មីក្នុងឆ្នាំ ២០២២។
រីឯ ផ្នែកចំហៀងនៃរថយន្តត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ខណៈផ្នែកខាងក្រោយត្រូវបានបំពាក់ដោយបំពង់ស៊ីមាំងផរាងចតុកោណដែលប្លែកពីគេស្រដៀងនឹង Acura MDX។
សម្រាប់រថយន្ត Honda Pilot ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងជាមួយ Acura ដ៏ប្រណីត។ បន្ថែមពេលនេះវាក៏នឹងភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនចំណុះ ៣,៥ លីត្រ turbo V6 ផលិតកម្លាំងបាន ២៩០ សេះ និងម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged V6 ផលិតកម្លាំងបាន ៣៥៥ សេះ។
ចំពោះ រថយន្ត Honda Pilot ជំនាន់ថ្មី វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក ហើយប្រសិនបើមានការពន្យារពេល នឹងត្រូវរង់ចាំម្តងទៀតនៅឆ្នាំ ២០២៤៕