[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញនៅរថយន្ត Toyota Land Cruiser និង TOYOTA Tundra ថ្មីដែលត្រូវបានអភិវឌ្ឍជាមួយគ្រោងឆ្អឹង TNGA-F platform ។ មកដល់ពេលនេះ សម្រាប់រថយន្តភីកអាប់ Tacoma ក៏កំពុងបានកែមុខមាត់ថ្មីផងដែរ។ ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បង្ហាញខ្លួននៅចន្លោះចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣។
តាមរូបភាពដែលប្រមាញ់បានជាមួយការបិទបាំងតួខ្លួន ឃើញមានរចនាប័ទ្មផ្នែកខាងមុខ Tacoma ថ្មីនឹងយកចេញពីរចនាប័ទ្មពីរថយន្ត Tundra។ លើសពីនេះ Toyota នឹងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ suspension ខាងក្រោយដូចដែលពួកគេបានធ្វើជាមួយ Tundra ហើយ Toyota Tacoma ស៊េរីឆ្នាំ ២០២៣ ដោយប្រើនៅប្រព័ន្ធបូមរ៉ឺស័រនៅផ្នែកខាងក្រោយជំនួសវិញ ដែលអាចជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃរបស់រថយន្ត។
វាច្បាស់ណាស់ថា Tacoma ថ្មីនឹងត្រូវបានផលិតជាមួយគ្រោងឆ្អឹង TNGA-F គេរំពឹងថារថយន្តនេះអាចនឹងអាចប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 twin-turbocharged ដែលមានកម្លាំងខ្ពស់បំផុត ៤១៥ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០ វគ្គ។
មិនតែប៉ុណ្ណោះ រថយន្ត Tacoma ជំនាន់ថ្មី វានឹងមកជាមួយជម្រើសថាមពលហាយប្រ៊ីដ ខណៈដែលក្រុមហ៊ុន Toyota មានគោលបំណងបង្កើនចំណែករថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕