កាលពីពេលថ្មីៗនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតថយន្ត BYD បានប្រកាសរៀបចំពិធីអបអរសាទរនៃការផលិតរថយន្តអគ្គិសនី NEV ចំនួនទី១០ លានគ្រឿងរបស់ពួកគេ និងអបអរសាទរខួបលើកទី៣០ របស់ក្រុមហ៊ុន។
ក្នុងព្រឹត្តិការណ៍នេះ លោក Wang Chuanfu ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ BYD បានបង្ហាញពីការអភិវឌ្ឍន៍ដ៏សំខាន់ៗរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំ ដែលរួមបញ្ជូលនូវព្រឹត្តិការណ៍សំខាន់ៗដូចជា៖
- ក្នុងឆ្នាំ ១៩៩៨៖ BYD ក្លាយជាក្រុមហ៊ុនផលិតថ្មសាកធំបំផុតទីពីររបស់ពិភពលោក។
- ក្នុងឆ្នាំ ២០០០៖ BYD ត្រូវបានជួបប្រទះនឹងបញ្ហាប្រឈមជាមួយក្រុមហ៊ុន Motorola និង Nokia ដើម្បីផ្គត់ផ្គង់ថ្មអគ្គិសនី។
- ក្នុងឆ្នាំ ២០០៣: BYD ប្រកាសចាប់ផ្តើមឧស្សាហកម្មរថយន្តដោយទិញយកក្រុមហ៊ុន Xi’an Qinchuan Automobile និងផលិតរថយន្តដំបូងម៉ូឌែល ៣១៦។
- ក្នុងឆ្នាំ ២០០៥: BYD ប្រកាសដាក់បង្ហាញចេញគំរូរថយន្តម៉ូឌែល F3 ជាលើកដំបូងក្នុងប្រទេសចិនដែលលក់បានជាង ១០ ០០០ គ្រឿងក្នុងមួយខែ។
- ក្នុងឆ្នាំ ២០០៨: ចាប់ផ្តើមផលិតរថយន្តអគ្គិសនី NEV ដំបូងម៉ូឌែល F3e និងឈានជើងចូលទីផ្សាររថយន្តអគ្គិសនីជាផ្លូវការ។
ទន្ទឹមនឹងនេះ BYD បានដាក់បង្ហាញចេញនូវបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនក្នុងឆ្នាំ ២០២០ ដូចជាអាគុយ Blade Battery និងប្រព័ន្ធ DM hybrid និង e-Platform 3.0 Evo និងបានសម្រេចការផលិតរថយន្តអគ្គិសនី NEV ចំនួនទី ៣ លានគ្រឿងរបស់ពួកគេនៅក្នុងឆ្នាំ២០២២, ៥លានគ្រឿង នៅក្នុងឆ្នាំ២០២៣ និង ១០លានគ្រឿងនៅក្នុងខែវិច្ចិកា ឆ្នាំ២០២៤ នេះ ។
គួរឲដឹងថា រថយន្តអគ្គិសនី NEV ទី ១០ លានគ្រឿងរបស់ក្រុមហ៊ុន BYD គឺជារថយន្ត BYD Denza Z9 ដែលទើបប្រកាសចេញជាផ្លូវការកាលពីពេលថ្មីៗនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤៦ ២០០ ដុល្លារ ដល់ ៤៩ ០០០ ដុល្លារ ហើយម្ចាស់រថយន្តដ៏សំខាន់នេះគឺលោក Feng Ji ដែលជាស្ថាបនិក និងនាយកប្រតិបត្តិ Game Science និងជាអ្នកផលិតហ្គេម Black Myth: Wukong ។
គួរបញ្ជាក់ថា ក្រុមហ៊ុន BYD ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ១៩៩៥ នៅក្នុងទីក្រុង Shenzhen ក្នុងនាមជាក្រុមហ៊ុនផលិតថ្ម។ ក្រុមហ៊ុនមួយនេះបានចាប់ផ្តើមជាមួយបុគ្គលិកត្រឹមតែ ២០ នាក់ និងដើមទុនត្រឹមតែ ៣៤៥ ០០០ ដុល្លារ តែប៉ុណ្ណោះ តែបច្ចុប្បន្ននេះ BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី NEV ដ៏ធំបំផុតលើពិភពលោក មានបុគ្គលិកជាង ៩០០ ០០០ នាក់នៅទូទាំងពិភពលោក៕