
ក្នុងករណីអ្នកបើកបររថយន្ត ប្រព្រឹត្តកំហុសមិនរាងចាល នៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយាន នឹងត្រូវទទួលរងការពិន័យកាត់បន្ថយពិន្ទុបណ្ណបើកបរចំនួន ៦ពិន្ទុឯណោះ ដែលជាចំនួនកាត់ពិន្ទុដ៏ច្រើនបំផុត។
នេះបើយោងតាមប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។ គូួរដឹងថា បណ្ណបើកបរជាតិ មានចំនួន ៥ប្រភេទរួមមាន ប្រភេទ ក ខ គ ឃ និង ង។

ប្រភេទ កៈ សម្រាប់ម៉ូតូ ដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
ប្រភេទខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។
ប្រភេទគៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន។
ប្រភេទឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ដោយបែងចែកជាប្រភេទ ឃ១ និងឃ២។ ក្នុងនោះ ឃ១ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ។ ចំណែក ឃ២ សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។
ប្រភេទងៈ សម្រាប់រថយន្តប្រភេទ ខ គ និងឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន។
ចំណែកសុពលភាពនៃប្រភេទបណ្ណបើកបរ មានរយៈពេលដូចខាងក្រោម៖
១. បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ មានសុពលភាពរយៈពេល ១០ឆ្នាំ។
២. បណ្ណបើកបរប្រភេទ គ ឃ និង ង មានសុពលភាពរយៈពេល ៥ឆ្នាំ។

សូមជម្រាបថា គ្រប់បណ្ណបើកបរ ត្រូវមានពិន្ទុសរុបចំនួន ១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយចាប់ពី១ពិន្ទុ ដល់ ៦ពិន្ទុ នៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកទៅតាមករណីនីមួយៗ។ ចំពោះការបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ត្រូវអនុវត្តដូចខាងក្រោម៖
១. ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ អ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវរៀនបំប៉នផ្នែកទ្រឹស្តីរយៈពេល ២ថ្ងៃ ដើម្បីប្រឡងយកពិន្ទុបន្ថែម ដែលមានចំនួនមិនលើសពី ៤ពិន្ទុ ប៉ុន្តែការបន្ថែមពិន្ទុ មិនអនុញ្ញាតឲ្យមានចំនួនសរុបលើសពី ១១ពិន្ទុឡើយ។
២. ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែក្នុងរយៈពេល ៣ឆ្នាំ បន្ទាប់ពីការកាត់បន្ថយពិន្ទុចុងក្រោយ អ្នកបើកបរពុំមានបទល្មើសចរាចរណ៍អ្វីមួយបន្ថែមទៀតនោះទេ គឺទទួលបានការបំពេញពិន្ទុឡើងវិញដោយស្វ័យប្រវត្តិ ពោលគឺ ១២ពិន្ទុពេញវិញតែម្តង។
៣. ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ។ បើចង់បានបណ្ណបើកបរថ្មី ត្រូវរៀនបំប៉ន និងប្រឡងឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែ គិតចាប់ពីថ្ងៃដែលបណ្ណបើកបរទុកជាមោឃៈ៕
















