ប្លែក! យកឡាន Lexus GX 460 កែទៅជារថយន្ត Toyota Land Cruiser Prado ដើម្បីងាយស្រួលក្នុងការលក់បន្ត

[បរទេស] រថយន្ត Land Cruiser Prado ត្រូវបានឈប់ផលិតនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ដូច្នេះការផ្គត់ផ្គង់រថយន្តនេះកាន់តែខ្វះខាត។ ជាហេតុធ្វើឲ្យ ម្ចាស់រថយន្ត Lexus GX 450 សម្រេចចិត្តកែរូបរាងរថយន្ត SUV ស៊េរីឆ្នាំ ២០១០ ដែលប្រើបានចម្ងាយ ៣០៥ ០០០ គីឡូម៉ែត្រ ទៅជារថយន្ត Land Cruiser Prado ស៊េរីឆ្នាំ ២០១៨ ដោយបានបង្ហោះនៅលើគេហទំព័រដេញថ្លៃអនឡាញលក់ក្នុងតម្លៃ ១៨ ២៥០ ដុល្លារ។

ការ​ផ្លាស់​ប្តូរ​ផ្នែក​ខាង​ក្រៅ​រួម​មាន កាងខាងមុខ ចង្កៀងមុខ ប៉ាណា គម្របម៉ាស៊ីន ឈ្នាន់ជើងចំហៀង និង​ចង្កៀង​ក្រោយ​ថ្មី។ ឡូហ្គោ Toyota ដាក់ជំនួស Lexus នៅលើដៃចង្កូត និងសូម្បីតែនៅលើគម្របម៉ាស៊ីន ឬពាក្យ “Land Cruiser Prado” នៅលើទ្វារខាងក្រោយ។ ខណៈការផ្លាស់ប្តូរនៅក្នុងកាប៊ីនមានដូចជា ដៃចង្កូត កុងសូលកណ្តាល និងកន្លែងដាក់ដបទឹកជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ នៅតែប្រើប្រាស់ជាមួយម៉ាស៊ីនចំណុះ ៤,៦ លីត្រ V8 អាចផលិតកម្លាំងបាន ៣០១ សេះ និងកម្លាំងរមួល ៤៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យអូតូ ៦ វគ្គ ប្រព័ន្ធបើកបរប៉ុង ២ វិលទាំងបួន។ លើសពីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធចាក់សោរប៉ុង Torsen’s limited-slip center differential , ប្រព័ន្ធ dynamic suspension និងមានកម្ពស់ខ្ពស់ពីដី ២០០ ម.ម ដែលជួយឲ្យរថយន្តនេះបើកបរលើផ្លូវលំបាក ឬ Off-Road កាន់តែល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា នៅសហរដ្ឋអាមេរិក រថយន្ត Lexus GX 460 ស៊េរីឆ្នាំ ២០១០ ចេញថ្មីដំបូងមានតម្លៃ ៥១ ៩៧០ ដុល្លារ។ ទន្ទឹមនឹងនេះ នៅលើទីផ្សាររថយន្តមួយទឹកបច្ចុប្បន្នរថយន្ត Lexus GX 460 ស៊េរីឆ្នាំ ២០១០ អាចមានតម្លៃចន្លោះពី ១២ ០០០ ដុល្លារ ដល់ ១៩​ ០០០ ដុល្លារ អាស្រ័យលើលក្ខខណ្ឌ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម