[បរទេស] ក្រុមហ៊ុន Maruti Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Jimny ទ្វារ ៥ ថ្មីជាផ្លូវការនៅក្នុងកម្មវិធី Auto Expo 2023 ក្នុងប្រទេសឥណ្ឌា ដោយម៉ូដែលនេះមានទំហំធំជាងមុន ខណៈរូបរាងដូចគ្នានឹងម៉ូដែលដើម ប៉ុន្តែបានបន្ថែមនៅទ្វារចំនួន ២ នៅខាងក្រោយ។
សម្រាប់រថយន្ត Suzuki Jimny ទ្វារ ៥ នេះមានប្រវែងតួខ្លួនសរុប ៣ ៩៨៥ ម.ម វែងជាងមុន ៣៣៥ ម.ម ទទឹង ១ ៦៤៥ ម.ម និងកម្ពស់ ១ ៧២០ ម.ម ។ ចំពោះការរចនានៅផ្នែកខាងក្រៅ រថយន្ត SUV Off-Road នេះនៅតែបំពាក់នៅថាសកង់ទំហំ ១៥ អ៊ីញ ស្រោបដោយសំបកកង់ 195/80 R15 ដោយហ្រ្វាំងឌីសនៅខាងមុខ ហ្វ្រាំង Drum brake នៅខាងក្រោយ និងប្រព័ន្ធប៉ុង three-link live axles ដែលភ្ជាប់ជាមួយនឹងប៉ូមរំស័រ (coil spring) សម្រាប់ការដំឡើងប្រព័ន្ធ suspension ខាងមុខ និងខាងក្រោយ ក៏នៅដដែលទាំងអស់។
រីឯនៅផ្នែកខាងក្នុងកាប៊ីនរបស់ Jimny ទា្វរ ៥ នេះក្រៅពីទំហំធំទូលាយជាងមុន ហាក់ដូចជាមិនបានផ្លាស់ប្តូរអ្វីនៅខាងក្នុងឡើយ។ កៅអីអង្គុយនៅតែបួនដដែល និងការរចនានៅដដែលទាំងស្រុង ទាំងអេក្រង់កំសាន្ត touchscreen ភ្ជាប់ជាមួយ Apple CarPlay និង Android Auto និងឧបករណ៍បំពងសំឡេងចំនួន ៤ ចំនុច ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Suzuki Jimny ទ្វារ ៥ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៤ សេះ និងកម្លាំងរមួល ១៣៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់ស្វ័យប្រវត្តិ ៤ វគ្គ ឬ ប្រអប់លេខដៃ ៥ វគ្គ ហើយនៅតែភ្ជាប់មកជាមួយប្រភេទបើកបរប៉ុង ២ 4×4 ៕