ផ្លូវទៅកំពង់ចាមដែលពង្រីកដល់ ៤គន្លងសង់ជិតរួចរាល់ហើយ អ៊ីចឹងតើអាចបើកដល់ល្បឿនប៉ុន្មានគីឡូម៉ែត្រក្នុង១ម៉ោង?

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ដល់ ៤គន្លង ចាប់ពី ស្គន់ ដល់ក្រុងកំពង់ចាម ប្រវែងជាង ៤៥គីឡូម៉ែត្រ សម្រេចបាន ៩៥,៥% ហើយ ដោយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ អ៊ីចឹង តើអ្នកបើកបរនៅលើផ្លូវនេះ អាចបើកបរដល់ល្បឿនប៉ុន្មានគីឡូម៉ែត្រក្នុង១ម៉ោង?

មិនខុសពីផ្លូវជាតិផ្សេងៗដូចជា ផ្លូវជាតិលេខ៣ ឬផ្លូវជាតិលេខ៥ឡើយ ពោលគឺសម្រាប់ផ្លូវ្ហហាយវេ ៤គន្លងឡើងទៅ មានសួន ឬខឿនបែងចែកទិសចរាចរណ៍ គឺត្រូវបានកំណត់ល្បឿនអតិបរមាត្រឹម ៩០គីឡូម៉ែត្រក្នុងង១ម៉ោងតែប៉ុណ្ណោះ។ ប្រសិនបើអ្នកបើកបរ ហ៊ានបើកលើសពីល្បឿនអតិបរមានេះ នឹងប្រឈមការថតជាប់លើសល្បឿន ផាកពិន័យជាទឹកប្រាក់ និងដកពិន្ទុបណ្ណបើកបរ ទៅតាមចំនួនល្បឿនដែលលើស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ការបើកបរតាមល្បឿនកំណត់នេះ ពី ៨០ ទៅ ៩០ គីឡូម៉ែត្រក្នុង១ម៉ោងនេះ បានជួយកាត់បន្ថយនូវគ្រោះថ្នាក់ និងជួយដល់រថយន្តដូចជា ម៉ាស៊ីនដំណើរការរលូនល្អ ស៊ីសាំងតិច បន្ថយកំណកក្នុងម៉ាស៊ីន ក៏ដូចជាសំបកកង់ និងស្បែកហ្វ្រាំងមិនឲ្យឆាប់សឹកផងដែរ។

សូមបញ្ជាក់បន្ថែមទៀតផងដែរ ផ្លូវជាតិលេខ៧នេះ កំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដូច្នេះអ្នកបើកបរតាមផ្លូវនេះ ត្រូវប្រុងប្រយ័ត្នជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងគោរពតាមផ្លាកសញ្ញាក្នុងតំបន់ការដ្ឋាន ដែលរួមមានដូចជា ផ្លាកការដ្ឋាន ផ្លូវវាងដែលមានសញ្ញាព្រួញទៅឆ្វេង ឬស្តាំ ថ្មខ្ទាត បង្គោលរាងសាជី សញ្ញាព្រួញបង្វែទិស និងភ្នាក់ងារដែលលើកទង់ឲ្យឈប់ ឬអនុញ្ញាតឲ្យបន្តដំណើរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម