ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត បានចាប់ផ្តើមបើកការដ្ឋានគម្រោងសាងសង់ហើយ

[រាជធានីភ្នំពេញ] នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមអបដំណើរដោយឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ ក្នុងប្រារព្ធពិធីបញ្ជាគ្រឿងចក្រជានិមិត្តរូប ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកម្មវិធីនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ សម្តេច ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួមជាមួយ អាជ្ញាធររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ព្រមទាំងភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០% ជាទុន វិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០% ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងនោះដែរ ខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។ ដោយគ្រោងនឹងសាងសង់ តំបន់សេវាកម្ម ឬចំណតឈប់សម្រាក (Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ (Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង ដែលរំពឹងថានឹងចូលរួមជួយសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១៦០០ម៉ែត្រ ទទឹងរួម ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានមានប្រវែង ២១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង ចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលជាមិត្តដែកថែបនិងស្មោះត្រង់បំផុតរបស់កម្ពុជា ដែលតែងតែជួយដល់ប្រជាជនកម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ ដោយបានផ្តល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានច្រើនជាងគេ ពិសេសជាប្រទេសលំដាប់ទី១ ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម