ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ នឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះហើយ។ អ្នកដែលបានទើបទិញរថយន្តថ្មីខ្លាញ់គោ និងឬជជុះក្រដាសពន្ធ នៅក្នុងខែនេះ ក៏ត្រូវមានកាតព្វកិច្ចបង់ពន្ធនេះផងដែរ។

ចំនួននៃការបង់ពន្ធផ្លូវ គឺខុសៗគ្នាទៅតាមប្រភេទរថយន្ត (សម្រាប់រថយន្តទេសចរណ៍) ដែលរួមមានទាំងអគ្គិសនីសុទ្ធ និងចំហេះក្នុង (សាំង និងម៉ាស៊ូត) ក្នុងនោះរថយន្តអគ្គិសនី គិតពីកម្លាំងសេះ (HP) របស់ម៉ូទ័រអគ្គិសនី ឯរថយន្តចំហេះក្នុងគិតតាមទំហំស៊ីឡាំង។
សម្រាប់រថយន្តអគ្គិសនី ត្រូវបានសម្រួលអត្រាពន្ធ ដើម្បីជំរុញការប្រើប្រាស់ ពោលគឺមានអត្រាពន្ធទាបបំផុតចាប់ពី៦ម៉ឺនរៀល រហូតដល់ខ្ពស់បំផុតត្រឹម ៨០ម៉ឺនរៀលប៉ុណ្ណោះ ដែលពីមុនខ្ពស់បំផុតដល់ ១លាន ៦០ម៉ឹនរៀល។ ចំណែករថយន្តចំហេះក្នុងវិញ នៅរក្សាដដែល ជាមួយអត្រាពន្ធទាបបំផុតចាប់ពី ៨ម៉ឺនរៀល ដល់ខ្ពស់បំផុត ២លានរៀល។

យ៉ាងណាមិញ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបានលើកលែងចំពោះប្រភេទយានយន្តដូចខាងក្រោម៖
១. រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យជាកម្មសិទ្ធិរបស់រដ្ឋ។
២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់គោលដៅការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។
៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
៤. ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។
៥. រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន៕

















