
[បរទេស] Nikola ដែលជាក្រុមហ៊ុនឯកទេសផលិតរថយន្តដឹកទំនិញធុនធ្ងន់ ប្រើថាមពលអ៉ីដ្រូសែន និងអគ្គិសនីសុទ្ធ បានដាក់ពាក្យសុំការការពារពីការក្ស័យធន ដោយសារការគ្រប់គ្រងមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ រួមទាំងការបំភាន់អ្នកវិនិយោគអំពីបច្ចេកវិទ្យារបស់ Nikola ដែលបង្កឡើងដោយលោក Trevor Milton ជាស្ថាបនិកក្រុមហ៊ុនដោយផ្ទាល់ ។
ក្នុងនោះ ឯកសារក្ស័យធនអនុញ្ញាតឲ្យក្រុមហ៊ុន Nikola ស្វែងរកការយល់ព្រមសម្រាប់ការដេញថ្លៃ និងលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុនគ្រោងនឹងបន្តប្រតិបត្តិការសេវាកម្ម និងការគាំទ្រមានកម្រិតសម្រាប់យានយន្តដែលមានស្រាប់ រួមទាំងការបញ្ចូលប្រេងអ៉ីដ្រូសែនរហូតដល់ចុងខែមីនា ឆ្នាំ ២០២៥ ក្រោមការយល់ព្រមពីតុលាការ។
មិនត្រឹមតែប៉ុណ្ណោះ Nikola បានព្យាយាមបន្តប្រតិបត្តិការដោយផលិតរថយន្តដឹកទំនិញ ដោយនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២៤ ក្រុមហ៊ុនបានលក់រថយន្តដឹកទំនិញធុនធ្ងន់ 8 Tre cabover semis បានចំនួន ៨៨ គ្រឿង ដែលចំណាយខ្ទង់ ១លានដុល្លារ សម្រាប់ការផលិតក្នុងមួយគ្រឿង ប៉ុន្តែក្រុមហ៊ុនលក់បានតម្លៃតែ ៣៨០ ០០០ ដុល្លារប៉ុណ្ណោះ ។
គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Nikola មានតម្លៃប្រហែល ៣០ ពាន់លានដុល្លារ ដែលលើសពីមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុន Ford Motor ៕