ក្រុមហ៊ុន Volkswagen និង Ford បានបង្ហាញឲ្យដឹងច្បាស់ៗអំពីកិច្ចសហប្រតិបត្តិការគ្នា ដែលដើមឡើយគ្រោងនឹងប្រកាសតាំងពីដើមឆ្នាំ ២០១៩។
ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ រថយន្ត Amarok ជំនាន់ទីពីរ ដែលគ្រោងបង្ហាញមុខនាឆ្នាំ ២០២២ នឹងត្រូវអភិវឌ្ឍន៍ និងផលិតដោយក្រុមហ៊ុន Ford នៅរោងចក្រ Silverton ក្នុងប្រទេសខាងត្បូង ដែលនឹងប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្ត Ranger ជំនាន់ថ្មី។
ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយដែលចេញផ្សាយដោយ Volkswagen មានការបើកបង្ហាញអំពីដំណឹងសំខាន់មួយផងដែរ។ ក្នុងនោះមានសរសេរថា “នៅទីបំផុតគឺអតិថិជនរបស់យើងដែលជាអ្នកបានផលចំណេញ (ពីកិច្ចសហប្រតិបត្តិការ) ព្រោះថាបើគ្មានការសហការនេះយើងមិនអាចអភិវឌ្ឍន៍រថយន្ត Amarok ជំនាន់ថ្មីបាននោះទេ។”
នេះមានន័យថារថយន្តភីកអាប់ Amarok ដែលឆ្នាំ ២០២០ ជាគម្រប់ខួប ១០ឆ្នាំរបស់វា អាចនឹងត្រូវក្រុមហ៊ុនបោះបង់ចោលនៅត្រឹមជំនាន់បច្ចុប្បន្ននេះ ប្រសិនបើគ្មានការសហការជាមួយ Ford ទេនោះ៕