[ទីផ្សារបរទេស] នៅលើទីផ្សារសហរដ្ឋអាមេរិក នៅតែគ្មានអ្វីអាចលក់ដាច់បានច្រើនជាងរថយន្តភីកអាប់ ហើយរបាយការណ៍ប្រចាំត្រីមាសទីបី (ខែកក្កដា ដល់ខែកញ្ញា) បានបង្ហាញថាភីកអាប់ F-Series របស់ Ford នៅតែជារថយន្តលក់ដាច់ជាងគេ។
រយៈពេលបីខែគិតត្រឹមខែកញ្ញា Ford អាចលក់រថយន្ត F-Series បានចំនួន ១៦៧ ៩៦២គ្រឿង ដែលក្នុងនោះការលក់នៅខែសីហាកើនឡើង ២១% ធៀបឆ្នាំមុន ស្របពេលដែលការលក់ប្រចាំខែកញ្ញាថយចុះ ២៦,៦%។ ជាមួយការប្រកាសចេញរថយន្ត Ford Super Duty ជំនាន់ថ្មី វានឹងគួរឲ្យចាប់អារម្មណ៍ថាការលក់ F-Series នៅប៉ុន្មានខែខាងមុខ នឹងមានការប្រែប្រួលខ្លាំងកម្រិតណា។
ទោះបីជាការលក់នៅខែកញ្ញាធ្លាក់ចុះខ្លាំងមែន ប៉ុន្តែ Ford អាចលក់រថយន្តបានច្រើនជាងគូប្រជែងនៅត្រីមាសទីបី ដោយក្នុងនោះក្រុមហ៊ុន Ram អាចលក់ភីកអាប់ត្រកូល Ram បាន ១១៨ ១០៦គ្រឿង ខណៈដែល Chevrolet អាចលក់រថយន្ត Silverado បាន ១១៧ ១៩៨គ្រឿង។
ចំណាត់ថ្នាក់បន្ទាប់បានទៅលើរថយន្ត GMC Sierra លក់បាន ៥០ ១៦៩គ្រឿង, រថយន្ត Honda Ridgeline លក់បាន ១២ ៥១៥គ្រឿង, រថយន្ត Toyota Tundra លក់បាន ៩ ៨១៧គ្រឿង និង Nissan Titan លក់បាន ១ ២៧៥គ្រឿង៕