ដោយសារកំណើនលក់ខ្លាំងក្លាក្នុងឆ្នាំ ២០១៩ ធ្វើឲ្យម៉ាករថយន្តភីកអាប់ Ram Trucks វ៉ាផុត ម៉ាករថយន្តភីកអាប់លេខ ២ នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៨ គឺ Chevrolet។
សរុបនៅឆ្នាំ ២០១៩ ក្រុមហ៊ុន Ram Trucks អាចលក់រថយន្តភីកអាប់បាន ៦៣៣ ៦៩៤ គ្រឿង ប្រៀបធៀបនឹងចំនួនលក់ ៥៧៥ ៦០០ គ្រឿង របស់ក្រុមហ៊ុន Chevrolet។ ចំនួនលក់នេះដែរគឺមានការកើនឡើង ១៨% បើធៀបនឹងឆ្នាំមុន ហើយវាជាកំណត់ត្រាថ្មីសម្រាប់ម៉ាកនេះ តាំងពីពេលបំបែកខ្លួនពីក្រុមហ៊ុន Dodge នៅឆ្នាំ ២០០៩ មក។
Ram 1500 គឺជាម៉ូដែលដែលលក់ដាច់បានច្រើនជាងគេ ហើយម៉ូដែលនេះបានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងសម្រាប់ស៊េរីឆ្នាំ ២០១៩។ ប៉ុន្តែចំនួនលក់បានកើនឡើងក៏ដោយសារការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការបន្តផលិតរថយន្ត Ram 1500 ជំនាន់មុន ដោយប្រើឈ្មោះថា Ram 1500 Classic៕